(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះថា ក្នុងខែកញ្ញាកន្លងទៅនេះ លេខាធិការដ្ឋាន​គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានចាប់រថយន្ដចំនួន៦៤២គ្រឿង ដែលដឹកលើសទម្ងន់។

ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនបានបន្ថែមថា ក្រៅពីការចាប់បានរថយន្ដទាំងនេះ​ ក្រសួងក៏បាន​ ពិន័យជាប្រាក់​សរុបចំនួន ១,០៧០,៥០៨,០០០រៀល។

សូមជម្រាបថា ​ចំនួនរថយន្ត​ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន​៤៨៧​គ្រឿង បើប្រៀងធៀបក្នុងខែសីហា ឆ្នាំ២០១៧ ដែលក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី​៤តោន រហូតដល់​២៣តោន៕