(ភ្នំពេញ)៖​ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបកម្មករ កម្មការិនីនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពេលកម្ពុជាកំពុងអនុវត្តន៍នយោបាយជំរុញវិស័យឧស្សាហកម្ម។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់កំបូល សម្ដេចតេជោ ហ៊ុន សែន ប្រកាសដែរថា សម្ដេចបានដាក់កម្មវិធីជាក់លាក់ ដើម្បីជួបកម្មករ ដោយមិនមែនជួបត្រឹមតែ១ឆ្នាំ ឬ២ឆ្នាំនោះទេ ហើយពីទីកន្លែងមួយ ទៅទីកន្លែងមួយ ​រហូតទាល់តែ​សម្ដេច បានបញ្ចប់បេសកកម្មជានាយករដ្ឋមន្ដ្រី របស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំត្រូវបន្ដដំណើរវិលជុំ នៅក្នុងការជួបជុំជាមួយកម្មករ កម្មការិនីរបស់យើង​នៅក្នុងឱកាសនៃពេលវេលា ដែលយើងកំពុង​តែអនុវត្តនូវគោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ វាជាការសមស្របណាស់ដែលដាក់បន្ទុក និងដាក់ការទទួលខុសត្រូវ ជាពិសេសគឺការរួមសុខរួមទុក្ខជាមួយកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រ ដូច្នេះហើយខ្ញុំមានកម្មវិធីជាក់លាក់ ក្នុងរយៈពេលមិនមែនត្រឹមតែ១ឆ្នាំ ២ឆ្នាំទេ ក៏ប៉ុន្ដែខ្ញុំបានត្រៀមខ្លួនជាសម្រេច ដើម្បីធ្វើដំណើរបន្ដបន្ទាប់ ពីកន្លែងមួយទៅកាន់កន្លែងមួយទោះបីជុំហើយ ក៏ត្រូវធ្វើដំណើរជាបន្ដ ហើយបើទៅតាមរោងចក្រ យើងមានរោងចក្រច្រើន ប៉ុន្ដែយើងអាចទៅតាមរោងចក្រនេះ រោងចក្រនោះ ​មិនចាំបាច់មានការប្រមូលផ្ដុំទ្រង់ទ្រាយធំ»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ​ចំណុចទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ហើយរូបសម្ដេចផ្ទាល់ក៏ត្រូវរួម​ដើម្បីដោះស្រាយបញ្ហានេះជាបន្ដទៀត នៅក្នុងក្របខណ្ឌនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និយាយជារួម និ​ង​ក្នុងក្របខណ្ឌនៃការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម និយាយដោយឡែក។

សូមជម្រាបថា ក្នុងកិច្ចសំណេះសំណាលទាំងនោះ សម្តេចតេជោ ហ៊ុន សែន តែងបានលើកបង្ហាញជាច្រើនពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាញអ្នកវិនិយោគមកបង្កើតរោងចក្រនានានៅកម្ពុជា បង្កើនការងារជូនកូនចៅ ប្រជាពលរដ្ឋខ្មែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីកិច្ចខិតខំ និងការយកចិត្តទុកដាក់ជាច្រើនទៀត ដើម្បីជំរុញដល់ការដំឡើងប្រាក់ខែជូនដល់កម្មករ និងការងារមួយចំនួនទៀត ក្នុងការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត ដូចជាការតបណ្តាញអគ្គិសនី និងបណ្តាញទឹកដល់បន្ទប់ស្នាក់នៅ របស់កម្មករកាត់បន្ថយការចំណាយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែបានអំពាវនាវដល់កម្មករ កម្មការិនី ឲ្យខិតខំ និងយកចិត្តទុកដាក់ធ្វើការងារ ដើម្បីរក្សាការងារកំពុងមាន នៅក្នុងដៃរបស់ខ្លួន។ នៅកម្ពុជានាពេលបច្ចុប្បន្នមានរោងចក្រ សហគ្រាសលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សរុប១,១០៧ និងមានកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាង ៧៤ម៉ឺននាក់។ តាមរយៈវិស័យនេះ ផ្តល់ចំណូលប្រមាណជា ២ពាន់លានដុល្លារអាមេរិក ហើយផ្តល់ការងារជូនប្រជាពលរដ្ឋដោយប្រយោលជាង ៣លាននាក់ផ្សេងទៀត៕