(បាត់ដំបង)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន បានចុះបង្ក្រាបទីតាំងស្ដុក ផលិតផលសាប៊ូលាងខ្លួន២កន្លែង នៅខេត្តបាត់ដំបង ដែលបានរំលោភកម្មសិទ្ធិបញ្ញា។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង នៅថ្ងៃទី០៣ ខែតុលា ដោយលោកបានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី មាស រ៉ាវុធ អនុប្រធាននាយកដ្ឋាន​ ទទួលបន្ទុកការិយាល័យប្រឆាំងបទ ល្មើសកម្មសិទ្ធិបញ្ញា សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធ ដែលស្ថិតក្រោមការសម្របសម្រួលពី លោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

បើតាមប្រធាននាយកដ្ឋានរូបនេះ ទីតាំងដែលត្រូវបានចុះបង្ក្រាបនេះ មានចូល​ស្តុក ចែកចាយ ផលិតផលសាប៊ូលាង ខ្លួនម៉ាក LANO &​ Device ក្លែងបន្លំពាណិជ្ជសញ្ញា ដែលរំលោភច្បាប់ ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ (រំលោភច្បាប់កម្មសិទ្ធិបញ្ញា) លើទីតាំងចំនួន​០២ក្នុងក្រុងបាត់ដំបង ដោយទីតាំងទី១​៖ ​ហាង ហេង ឆាយលី ផ្លូវលេខ​០២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ ឈីវ តាំងអ៊ី ​អាយុ​៣២ឆ្នាំ​ និងទីតាំងទី២៖ ដេប៉ូចែកចាយ លី វង្សឌី ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ​៥០៩ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង (ខាងត្បូងវត្តរំដួល) ដែលមានម្ចាស់ឈ្មោះ លី វង្សឌី អាយុ​៤២ឆ្នាំ។

ក្រោយប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូត វត្ថុតាងសរុបទាំង២ទីតាំង ចំនួន​១៦០៥ដប ហើយត្រូវបាន​យកមករក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកោះហៅម្ចាស់ទីតាំងទាំង​០២ មកស្នងការដ្ឋានខេត្ត ដើម្បីបន្តនីតិវិធី​​៕