(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯក កុសល នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលក្រោម​ឱវាទ បន្ដប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងក្រចាប់ ខាងត្បូងភូមិកោះចិនក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន។

លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អង្គភាពព័ត៌មាន Fresh News​ ឲ្យដឹងថា​ លោកបានចាត់បញ្ជា​ អធិការស្រុកកោះសូទិន ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប សហការជាមួយក្រុមប្រឹក្សាឃុំ ដែលដឹកនាំផ្ទាល់ដោយគណៈបញ្ជាការឯកភាព​ស្រុក។

បើតាមលោកស្នងការ ជុំវិញរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានដកហូត​ លូស្បៃមុង​ចំនួន៣មាត់, រនាំងព្រួល​ប្រវែង២២០ម៉ែត្រ និងបង្គោលឬស្សី៥៩ដើម ហើយត្រូវបាន​ដឹកយកមករក្សាទុកនៅសាលាឃុំ។

សូមជម្រាបថា ​​កម្លាំងសមត្ថកិច្ច​ខេត្តកំពង់ចាម ក៏បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្ដបន្ទាប់ ក្នុងស្រុកកោះសូទិន ដោយដកហូតបានវត្ថុតាងយ៉ាងច្រើន ដើម្បីដុតបំផ្លាញចោល និងប្រលែងកូនត្រីចម្រុះរាប់រយគីឡូក្រាមផងដែរ៕