(រតនគិរី)៖ ស្ដ្រីមានផ្ទៃពោះម្នាក់ ខណៈកំពុងធ្វើដំណើរមកមណ្ឌលសុខភាព តាមមធ្យោបាយជិះគោរយន្ត បានពាក់កណ្ដាលផ្លូវ ក៏ស្របតែឈឺពោះឆ្លងទន្លេតែម្ដង ប៉ុន្ដែសំណាងល្អណាស់ ត្រូវបានបុគ្គលិកមណ្ឌលសុខភាពអណ្តូងមាស ខេត្តរតនគិរី ជួយសម្រាលកូនឲ្យបានទាន់ពេលវេលា។

សកម្មភាពជួយសង្គ្រោះនេះ ដោយមានការណែនាំជាប្រចាំពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលខេត្តរតនគិរី ក្នុងការជួយសង្គ្រោះ​បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺផ្សេងៗ តាមមណ្ឌលសុខភាពទូទាំងខេត្តជាប់ជាប្រចាំ។

ស្ដ្រីមានផ្ទៃពោះ ឈឺពោះឆ្លងទន្លេ ខាងលើនោះ មានឈ្មោះ ញ៉ុក អាយុ២២ឆ្នាំ មានទីលំនៅភូមិកាណាតធំ បានឈឺពោះសម្រាលកូន ខណៈកំពុងធ្វើដំណើរមកមណ្ឌលសុខភាព តាមមធ្យោបាយ គោយន្តបាន៣គីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ដោយផ្លូវមានសភាពលំបាក​ខ្លាំងផងដែរ។

ដោយមើលឃើញសភាពបែបនេះ ខ្លាចក្រែងជួបឧបសគ្គ លោកមេឃុំតាឡាវ រួសរាន់ទាក់ទង ហៅរថយន្តសង្គ្រោះ និងពេទ្យឆ្មបម្នាក់ មកជួយសម្រាលតាមផ្លូវបានជោគជ័យ ពោលគឺគ្មានគ្រោះថ្នាក់ ម្តាយនិងទារក។

បច្ចុប្បន្ន ម្តាយនិងទារក ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យមណ្ឌលសុខភាព អណ្តូងមាសនោះ ពួកគាត់មានសុខភាពល្អ៕