(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃពុធនេះ បានរិះគន់ដល់គណបក្សប្រឆាំងជាថ្មីម្តងទៀតថា គណបក្សមួយនេះមិនដែលបានខិតខំធ្វើអ្វី សម្រាប់កម្មករកម្ពុជាទេ ហើយចេះតែប្រើប្រាស់នយោបាយ «ដុតឲ្យខ្លោច រោចឲ្យឆៅ» ដើម្បីរាំងខ្ទប់បរទេសផ្តល់ជំនួយ និងវិនិយោគនៅកម្ពុជា។

ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺននាក់ នៅតំបន់តំបន់កំបូល ក្នុងខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងបានខិតខំកសាងប្រទេសនេះជាមួយនឹងញើសឈាមរបស់យើង ដើម្បីយើងនាំប្រទេសមកដល់ពេលនេះ គ្មានបាតដៃរបស់គណបក្សប្រឆាំងនោះទេ ពួកគេមិនបានធ្វើអ្វីក្រៅតែពីទៅរារាំងប្រទេសក្រៅ មិនឱ្យផ្តល់ជំនួយមកកម្ពុជា មិនឱ្យវិនិយោគនៅកម្ពុជា មិនឱ្យទិញទំនិញកម្ពុជា។ នេះគឺជាទង្វើមិនទទួលខុសត្រូវ ហើយក៏ជាទង្វើក្បត់នឹងប្រជាជនខ្លួនឯង»

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ប្រសិនបើប្រទេសក្រៅ ធ្វើទៅតាមការចង់បានរបស់គណបក្សប្រឆាំង តើក្មួយៗមានការងារ​ធ្វើឬអត់? ពិតជាមិនមានទេ ហើយប្រសិនបើគេស្នើទៅវិញ គឺជាវិធី រុញឱ្យខ្លោច រោចឱ្យឆៅ។ ទាមទារដំឡើងប្រាក់ខែ ដំឡើងៗៗៗ ន័យពិតប្រាកដគឺអ្វី គឺដំឡើងរួចហើយទីចុងបំផុត ថៅកែទ្រាំមិនបានបិទរោងចក្រ អ្នកដែលស្លាប់ អ្នកដែលបាត់បង់ការងារ គឺកម្មករ។ នេះគឺជាវិធីសម្លាប់តាមរយៈ ដុតឱ្យខ្លោច រោចឱ្យឆៅ»

នាគ្រាដែលបង្ហាញអំពីនយោបាយមិនល្អរបស់គណបក្សប្រឆាំងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ បាតុកម្មនៅក្រោយការ​បោះឆ្នោតជាតិ នៅឆ្នាំ២០១៣ ដែលសម្តេចបញ្ជាក់ថា បាតុកម្មនោះ គឺបក្សប្រឆាំងធ្វើឡើងក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា មិនមែនដើម្បីទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករនោះទេ។ ជាក់ស្តែងនៅតំបន់កំបូលនេះ ក៏មានការទម្លុះទ្វារដើម្បីទាញកម្មករទៅធ្វើបាតុកម្មផងដែរ។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «តំបន់នេះ គឺជាតំបន់ដែលគេមកទម្លាយទ្វាររោងចក្រ ក្នុងគោលដៅដែលគេចង់ផ្តួលរំលំ​រាជរដ្ឋាភិបាលតាមរយៈបាតុកម្ម នៅឆ្នាំ២០១៣»

សម្តេចបានបន្តថា «តម្រូវការធ្វើការ ប៉ុន្តែអ្នកនយោបាយតម្រូវការឱ្យក្មួយៗចេញទៅធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នោះហើយជាទង្វើក្បត់ជាតិ ដែលពួកគេត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបាននិងកំពុងដំណើរការផ្លូវច្បាប់នេះ មិនមែនរឿងអ្នកឯងធ្វើថ្ងៃមុនហើយរួចខ្លួននោះទេ មិនមែនជាបាតុកម្មដើម្បីទាមទារប្រាក់ឈ្នួលទេ ក៏ប៉ុន្តែជាបាតុកម្មផ្តួលរំលំតាមបែបបដិវត្តពណ៌ ព្រោះការបោះឆ្នោតបានធ្វើរួចទៅហើយ។ អ្នកចង់ផ្តួលរំលំរដ្ឋាភិបាល អ្នកឯងមកបបួលកម្មករ គេមិនព្រមទៅអ្នកឯងមកទាញទ្វារគេ»៕