(ភ្នំពេញ)៖ ស្របពេលដែលគ្រប់ភាគីកំពុងចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០១៨នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ប្រាក់ឈ្នួល​មិនទាបជាង​១៦០ដុល្លារនោះឡើយ ពោលគឺស្ថិតនៅចន្លោះ​១៦០ដុល្លារ ទៅ​១៧០ដុល្លារ ប៉ុន្ដែ​សម្តេចក៏បានអំពាវនាវមិនត្រូវទាមទារខ្ពស់ពេកទេ ព្រោះអាចធ្វើឲ្យរោងចក្រជួបបញ្ហា។

ការប្រកាសបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង​១ម៉ឺននាក់ នៅតំបន់កំបូល។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ប្រាក់ខែក្មួយកម្មករ កម្មការិនីរបស់យើង ដែលបាននឹងកំពុងអនុវត្តនៅពេលនេះ​​ ទាប​បំផុត១៥៣ដុល្លារ ហើយការចរចារមួយកំពុងតែចាប់ផ្ដើម ខ្ញុំមិនដឹងថា​តើវាប៉ុន្មានទេក៏ ប៉ុន្ដែខ្ញុំប្រកាសជូនកម្មករ កម្មការិនីរបស់យើងថា ប្រាក់បៀវត្សន៍អប្បបរមា​នៅឆ្នាំ២០១៨ នឹងមិនឲ្យទាបជាង១៦០ដុល្លារនោះទេ តាមការគុណគូររបស់ខ្ញុំ វារត់នៅក្នុងចន្លោះ១៦០ដុល្លារ ទៅ១៧០ដុល្លារ»។

សម្ដេចតេជោ ហ៊ុន សែន បន្ដថា​ «ខ្ញុំចង់ឲ្យបានច្រើនដែរ ប៉ុន្ដែច្រើនយ៉ាងណាក៏ដោយយើងត្រូវគិត ឲ្យបានច្បាស់លាស់ជាមួយគ្នា ដើម្បីធានាសុវត្ថិភាពចំណូល និងចំណូលរបស់យើង ជាជាងការដែលយើងបាន​ទាមទារដែលមិនអាចធ្វើទៅរួច»

យ៉ាងណាមិញ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងដែរថា បើទោះបីប្រាក់ខែអប្បបរមារបស់កម្មករនិយោជិត នៅឆ្នាំ២០១៧នេះ មានចំនួន១៥៣ដុល្លារក្ដី ក៏ប៉ុន្ដែកម្មករមួយចំនួន ទទួលប្រាក់ខែច្រើនជាងការកំណត់ទៅទៀត ដោយសារតែបូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ ហើយពេលខ្លះប្រាក់ខែកម្មកររហូតដល់ជាង ២០០ដុល្លារឯណោះ។​

សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា ទន្ទឹមនឹងប្រាក់ខែចេះតែកើនឡើងបែបនេះ ​ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ បន្ថែមទៀតនោះ ពេលនេះកម្មករកាន់តែមានភាពងាយស្រួល និងមិនត្រូវចំណាយច្រើនដូចលើកមុន ជាក់ស្ដែងថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវបានទម្លាក់មកទាបជាមុន សេវាសុខាភិបាលក៏ត្រូវបានសម្រួល និងការធ្វើដំណើរតាមរថយន្ដក្រុងសាធារណៈ ក៏មិនតម្រូវឲ្យបង់លុយ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

សូមជម្រាបថា ការចរចាលើប្រាក់ឈ្នួលកម្មករ និយោជិត​សម្រាប់ឆ្នាំ២០១៨ លើកចុងក្រោយ ដែលធ្វើឡើងនៅរសៀល​ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ បានបិទបញ្ចប់ហើយ ភាគីសហជីពតំណាងកម្មករ និយោជិត បានព្រមទម្លាក់តួលេខមក​នៅត្រឹម​១៧០ដុល្លារ ភាគីនយោជកដំឡើងដល់​១៦២ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលសម្របសម្រួលយក ១៦៥ដុល្លារ។​

លោក ហេង សួរ ដែលជាអ្នកសម្របសម្រួលកិច្ចប្រជុំបច្ចេកទេសត្រីភាគី បានឲ្យដឹងថា ក្រោយ​ការប្រជុំជាច្រើនលើករបស់ ក្រុមការងារបច្ចេកទេស ភាគីនីមួយៗ បានដាក់សំណើចុងក្រោយរបស់ខ្លួន ដោយភាគីសហជីពស្នើសុំ ១៧០ដុល្លារ ភាគីនិយោជក ស្នើសុំត្រឹម​១៦២ដុល្លារ និងភាគីរាជរដ្ឋាភិបាលសម្របសម្រួលដល់ ១៦៥ដុល្លារ ជាប្រាក់ឈ្នួលអប្បបរមាផ្នែកវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងឆ្នាំ២០១៨។

លោក ហេង សួរ បានបញ្ជាក់ថា លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាប្រធានគណៈកម្មការ ប្រឹក្សាការងារនឹងកោះប្រជុំគណៈកម្មការប្រឹក្សារការងារនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពិនិត្យសម្រេចលើសំណើ របស់ភាគីនីមួយៗនេះ៕