(ភ្នំពេញ)៖ បន្ទាប់ពីជំនន់ទឹកភ្លៀង ហាក់កំពុងតែធ្លាក់មកយ៉ាងគំហុកបែបនេះ លោក នុត ពុធដារ៉ា ​ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំអភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ បានចុះពិនិត្យស្ថានភាពទឹកស្ទឹង និងទំនប់សណ្តស្ទឹងព្រែកត្នោត ព្រមទាំងពិនិត្យ​ទីទទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ សម្រាប់ត្រៀមក្នុងពេលទឹកជំនន់។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់ សូមរាយការណ៍បន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយជូនបងប្អូនឲ្យបានទាន់ពេលវេលា ចំពោះគ្រោះអាសន្ននានា និងសូមត្រៀមសម្រាប់ការបន្លាស់ប្តូរទីលំនៅ មកនៅទីទួលសុវត្ថិភាព ដែលសង្កាត់បានផ្សព្វផ្សាយជូនបងប្អូន។

សូមបញ្ជាក់ថា ទីទួលសុវត្ថិភាពតាមបណ្តាសង្កាត់ ដែលពាក់ព័ន្ធនឹងទំនប់សណ្តស្ទឹងព្រែកត្នោត រួមមាន៖

* សង្កាត់ស្ពានថ្ម ទីទួលសុវត្ថិភាពនៅលើផ្លូវ ទំនប់សណ្តស្ទឹងព្រែកត្នោត
* សង្កាត់ទៀន ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់ សណ្តស្ទឹងព្រែកត្នោត និងផ្លូវ៣៨A
* សង្កាត់គងនយ ទីទួលសុវត្ថិភាពនៅវត្តប្រាសាទ
* សង្កាត់សាក់សំពៅ ទីទួលសុវត្ថិភាពនៅលើផ្លូវទំនប់៧មករា និងវត្តកំពង់ក្តុល។

លោក នុត ពុធដារ៉ា ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដាក់គ្រឿងចក្រ ដើម្បីជួសជុលរូងនាគ ផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោ និងត្រៀមសម្រាប់គ្រោះអាសន្ននានា។

សូមជម្រាបថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប នឹងធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងកំរិតពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧៕