(បន្ទាយមានជ័យ)៖ មេខ្យល់ម្នាក់ដែលញុះញុងឲ្យប្រជាពលរដ្ឋខ្មែរ ទៅកាប់ឈើក្រញូងខុសច្បាប់ ដែលជាអ្នកដើរប្រមូលកម្មករ និងនាំក្រុមកម្មករឆ្លងដែនចូលទឹកដីថៃ ដើម្បីកាប់ឈើក្រញូង និងប្រមូលដឹកជញ្ជូនឆ្លងដែនមកទឹកដីខ្មែរវិញ ត្រូវកម្លាំងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានហើយ នៅចំណុចភូមិអូរក្រូច តាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ដល់ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ មានករណីប្រមូលកម្មករនាំចូលក្នុងទឹកដីថៃ ដើម្បីចូលទៅកាប់ប្រមូល ជំនៀរឈើក្រញូងចំណុច ឧទ្យានជាតិថាប់ឡានទី៣ ខ្លងម៉ាន់ ប្រទេសថៃ ហើយត្រូវទាហានថៃ (ទាហានប៉ារ៉ា) បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជាកម្មករជនជាតិខ្មែរ ចំនួន១៨នាក់ ហើយរត់គេចខ្លួនចូលក្នុងព្រៃចំនួន២៧នាក់ បន្ថែមទៀត។

លុះ​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ កម្លាំងមន្ទីរស្រាវជ្រាវព័ត៌មាន និងសន្តិសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរង អាវុធហត្ថខេត្ត ទទួលការងារព័ត៌មាន និងសន្តិសុខ បានធ្វើការសាកសួរចម្លើយពីកម្មករដែលបានរត់គេចខ្លួនរួចនោះចំនួន​២នាក់ គឺទី១៖ ឈ្មោះ រ៉ន រ៉ាំ អាយុ២៧ឆ្នាំ ទី២៖ ឈ្មោះ ហ៊ើល ភឿន អាយុ២៤ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៧ម្សិលមិញ ឲ្យដឹងថា ក្រោយពីសាកសួរកម្មកររងគ្រោះរួចមក ទើបកម្លាំងអាវុធហត្ថកំណត់មុខសញ្ញាបុរសម្នាក់​មាន៖ ឈ្មោះ គឹម ណារុន (ហៅកុង) អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ជាអ្នកដើរប្រមូលកម្មករ និងនាំក្រុមកម្មករឆ្លង ដែនចូលទឹកដីថៃ ដើម្បីកាប់ឈើក្រញូង និងប្រមូលដឹកជញ្ជូន ឆ្លងដែនមកទឹកដីខ្មែរវិញ។

លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង បានបន្តថា ដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តបន្ទាយមានជ័យ ក៏ដូចជាមានការអនុញាតពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថ ស្រុកសំឡូត ខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣៖​០០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

បន្ទាប់ពីសាកសួររបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រមូលកម្មករដើម្បីឆ្លងដែនចូលទៅទឹកដីថៃ ដើម្បីកាប់ អារកែច្នៃឈើក្រញូង និងប្រមូលដឹកឈើ​ឆ្លងដែនចេញមកទឹកដីខ្មែរយើងវិញពិតប្រាកដមែន។

លោកវរសេនីយ៍ទោ ប៊ុន ណាំអៀង បានបញ្ជាក់ថា ដោយបានចម្លើយបំភ្លឺពីសាក្សី២នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិ​វិធីច្បាប់៕