(ភ្នំពេញ)៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ដឹកនាំរៀបចំវេទិកាមួយដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២។

ពិធីដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន AWJ នេះក៏មានការចូលរួមពី ​លោក អៀង អូននី អភិបាលរង​រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ និងលោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ លោក លោកស្រី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធ ប្រជា​ពលរដ្ឋ សរុបចំនួន​៤៦៥នាក់​។

ក្នុងនោះ វេទិកាបានទទួលសំណួរជាលាយលក្ខអក្សរ ចំនួន​៥២សំណួរ និងសំណួរផ្ទាល់មាត់ចំនួន​០៩នាក់ ហើយអង្គវេទិកាបានអនុញ្ញាតឲ្យលោក សុខ ពេញវុធ អភិបាល​ខណ្ឌដូនពេញ ធ្វើការឆ្លើយតបបំភ្លឺនូវសំណួរ សំណូមពរ និងមតិយោបល់ផ្ទាល់មាត់ របស់បងប្អូនប្រជាពលរដ្ឋគ្រប់បញ្ហា ដែលបានលើកឡើងទាក់ទង​មូលដ្ឋានខណ្ឌ និងបានលើកសំណើរផ្ទាល់ ដល់រដ្ឋបាលរាជធានីភ្នំពេញផងដែរ​៕