(បន្ទាយមានជ័យ)៖ ក្មេងប្រុសម្នាក់ ត្រូវបានពស់ស្រកាចាស់វាចូលក្នុងផ្ទះ ចឹកតែសំណាងល្អណាស់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យស្រុកព្រះនេត្រព្រះ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី​ ដើម្បីចាក់ថ្នាំបន្សាបពិសជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍ដែលក្មេងប្រុសរងគ្រោះ ត្រូវពស់ចឹក ខាងលើនេះ បានកើតឡើងនៅចំណុចក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិ កន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង៥ល្ងាចរសៀល នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋាន អាវុធហត្ថស្រុកព្រះនេត្រព្រះ បានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ លេខ ធារា ភេទប្រុស អាយុ៣ឆ្នាំ ឪពុកឈ្មោះ ឱម ធួក អាយុ៤០ឆ្នាំ និងម្ដាយឈ្មោះ សាក់ សារឿត អាយុ៣៥ឆ្នាំ រស់នៅភូមិកន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក ស៊ិន រ៉ាស៊ី បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា​ នៅមុនពេលកើតហេតុនោះ កុមាររងគ្រោះកំពុងរត់លេងក្នុងបរិវេណផ្ទះ ស្រាប់តែមានពស់ស្រកាចាស់១ក្បាលបានលូនចូលក្នុងផ្ទះ ហើយក៏បានចឹកកុមារងគ្រោះតែម្តង។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានបញ្ជាក់ថា ក្រោយពីពេលពស់ចឹកហើយនោះ កុមាររងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្តសង្គ្រោះរបស់ស្រុកព្រះនេត្រព្រះបញ្ជូនទៅមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ ដោយសារតែមន្ទីរពេទ្យស្រុកព្រះនេត្រព្រះ ពុំមានថ្នាំបន្សាបពិសរថយន្តសង្គ្រោះ បានដឹកកុមាររងគ្រោះបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុន មង្គលបូរី​ ដើម្បីចាក់ថ្នាំបន្សាបពិស។

លោកបានបន្ថែមទៀតថា ក្រោយពីលោកគ្រូពេទ្យយកចិត្តទុកដាក់ ព្យាបាលកុមាររងគ្រោះដោយចាក់ថ្នាំបន្សាបរួចមក កុមាររងគ្រោះត្រូវបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ។

លោក កែវ​ សុភ័ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវសូមឲ្យបងប្អូនទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើមានបងប្អូនណាពស់ចឹក ហើយត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់​ បើជួយសង្គ្រោះមិនទាន់នោះ លោកក៏បានហាមដាច់ខាតមិនត្រូវយកអ្នកជម្ងឺទៅមើលគ្រូខ្មែរ វាប្រថុយប្រថានណាស់បើមើលមិនត្រូវអាចស្លាប់បាន៕