(ព្រះសីហនុ)៖ មេបញ្ជាការរង និងជាមេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹករាម គឺលោកឧត្តមនាវី អ៊ុក សីហា ត្រូវបានភាគីម្ខាងទៀតប្ដឹងទៅ អភិបាលខេត្តព្រះសីហនុថា បានបញ្ជាឲ្យកូនចៅរបស់ខ្លួន ទៅរំលោភយក និងវាយបំផ្លាញអចលនទ្រព្យ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

យោងតាមពាក្យបណ្ដឹងរបស់ លោក តែ តាំងប៉ អាយុ៦០ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ បានចោទប្រកាន់លោក អ៊ុក សីហា និងកូនចៅរបស់លោក ឈ្មោះ អឿ សារឿន ពីបទរំលោភយកជាអចលនវត្ថុ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងប៉ុនប៉ង់មនុស្សឃាតទៀតផង។

នៅក្នុងពាក្យបណ្ដឹងនេះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា លោក អ៊ុក សីហា បញ្ជាឲ្យឈ្មោះ អឿ សារឿន និងកូនចៅពី២០ ទៅ៣០នាក់ ក្នុងឯកសណ្ឋានយោធាជើងទឹក ប្រដាប់ដោយកាំភ្លើង ជាច្រើនដើមផងនោះ ទៅគំរាមកំហែង និងបំផ្លេចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងដី និងផ្ទះរបស់លោក បើទោះបីបញ្ហានេះ ត្រូវបានដោះស្រាយម្ដងរួចមកហើយ កាលពីពេលកន្លងទៅ។ តាមរយៈពាក្យបណ្ដឹងនេះ លោក តែ តាំងប៉ បានទាមទារការខូចខាត និងសំណងជំងឺចិត្តរហូតដល់១០ម៉ឺនដុល្លារ។

ពាក់ព័ន្ធជម្លោះរវាងភាគីទាំង២នេះ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ចុះពិនិត្យដើម្បីទប់ស្កាត់ជៀសវាង ការរីករាលដាលកាន់តែ​ធំ ទៅថ្ងៃខាងមុខទៀត។

ជុំវិញការប្តឹងពីសំណាក់លោក តែ តាំងប៉ ខាងលើនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយលោកឧត្តមនាវី អ៊ុក សីហា បាននៅឡើយទេនៅព្រឹកថ្ងៃនេះ៕