(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណងប្រមាណ ៣៥លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់សាងសង់ស្ពាន និងផ្លូវនៅតំបន់រងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តក្រចេះ និងព្រៃវែង។

ពិធីចុះហត្ថលេខាទទួល និងផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោក រីណូអ៊ុជី ហ៊ីដេហ៊ីសា ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

តាមរយៈជំនួយខាងលើនេះ ស្ពានចំនួន៥ នៅលើផ្លូវជាតិលេខ៧៣ ក្នុងខេត្តក្រចេះ និងស្ពានចំនួន ២ទៀត​ នៅលើផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នឹងត្រូវបានសាងសង់សម្រាប់ ជំនួសស្ពានកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូននៅតាមបណ្ដោយផ្លូវជាតិទាំងពីរនេះ។

ទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូតជប៉ុន សុទ្ធតែមានសុទិដ្ឋិនិយមថា ជំនួយនេះនឹងជួយជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូន កាត់បន្ថយពេលវេលា និងលុយកាក់ធ្វើដំណើរ និងដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ជំនួយដែលបានផ្តល់តាមរយៈការចុះហត្ថលេខានៅថ្ងៃនេះ និងជំនួយជាច្រើនដែលបានរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្ដល់កន្លងមក ជាការរួមចំណែកដ៏ធំធេងដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន»

សូមបញ្ជាក់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ កម្ពុជាបានទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវរបស់ជប៉ុន ប្រហែល ២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ព្រមទាំង ការកែលំអរប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទាន ដែលមានទឹកប្រាកប្រមាណ ២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្នុងក្រុងព្រះសីហនុ៕