(ភ្នំពេញ)៖ នៅពេលនេះគឺជាវេលាដ៏ឈឺចាប់ និងសោកស្តាយជាទីបំផុតសម្រាប់ពីភពលោកទាំងមូល ចំពោះការបាត់បង់ជីវិតមនុស្សជាង៥០នាក់ និងមនុស្សជាង ៥០០នាក់ទៀតរងរបួសនៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារដ៏យង់ឃ្នងមួយ ទៅលើក្រុមមហាជនដែលចូល រួមប្រគុំតន្ត្រីនៅឡាវេហ្គាស សហរដ្ឋអាមេរិក។ ទង់ជាតិអាមេរិកត្រូវបានបង្ហូតពាក់កណ្តាលដង ដើម្បីជាការកាន់មរណៈទុក្ខចំពោះជនរងគ្រោះ។ យើងខ្ញុំជាប្រជាជនកម្ពុជា ពិតជាមានការសោកស្តាយ និងសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមចែករំលែកក្តីឈឺចាប់ ចំពោះអ្នករងរបួសទាំងឡាយហើយក៏សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាដ៏ព្រៃផ្សៃ អមនុស្សធម៌នេះ និងសូមឱ្យសមត្ថកិច្ចចាប់ជនបង្កនិងអ្នកនៅពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះពីអំពើឧក្រិដ្ឋកម្មនេះ។

ព្រឹត្តិការណ៍បាញ់ប្រហារដ៏សាហាវ មិនដែលធ្លាប់មាននៅសហរដ្ឋអាមេរិកនេះហាក់ដូចជា បង្ហាញផ្ទុយពីអ្វីដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា William Heidt ថ្លែងថាសហរដ្ឋអាមេរិកមានសុខសុវត្ថិភាព និងបានអំពាវនាវឱ្យជនជាតិអាមេរិកដែលមានបំណងមកទស្សនាប្រទេសកម្ពុជា ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់់ខ្លួន។ ការប្រកាសនេះទំនងដោយទូតអាមេរិកប្រតិកម្មគ្មានហេតុផលដោយភាពអគតិចំពោះស្ថានភាពនៅកម្ពុជា ក៏ព្រោះតែ កឹម សុខា កូនចឹងរបស់ខ្លួនដែលទទួលអនុវត្តផែនការសម្ងាត់បដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួនអំពីបទក្បត់ជាតិ ក្រោយពីបានសារភាពនៅ ចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីថា បានអនុវត្តផែនការផ្តួលរំលំរដ្ឋាភិបាល តាំងតែពីឆ្នាំ១៩៩៣មកម៉្លេះ ហើយមានអាមេរិកជាអ្នកគាំទ្រ។

តាមពិតកម្ពុជាជាប្រទេសដែលមានសន្តិភាពពេញលេញ និងមានសន្តិសុខល្អ និងប្រជាពលរដ្ឋបានរស់នៅយ៉ាងសុខសាន្ត ប្រកបរបរចិញ្ចឹមជីវិតជាធម្មតា។ បងប្អូនប្រជា ពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយប្រកបដោយសុខសុវត្ថិភាព និង កន្លែងកម្សាន្តនានា ត្រូវបានការពារសន្តិសុខបានយ៉ាងល្អ ពោលគឺមិនដូចអ្វីដែលឯកអគ្គរដ្ឋទូតអាមេរិកសម្អុយអំពីស្ថានភាពពិតនៅកម្ពុជា និងបំភ័យប្រជាជនខ្លួនឯងមិនឱ្យ មកទស្សនាស្រុកខ្មែរដោយសារតែកំហឹង បុគ្គលនោះឡើយ។ ប្រទេសដែលលោកទូតអាមេរិកស្រែកសម្អុយថា ជាកន្លែងអសន្តិសុខ ប៉ុន្តែបែរជាមានសន្តិសុខល្អប្រពៃ ហើយប្រជាជនរួមនឹងភ្ញៀវទេសចរ និងជនជាតិអាមេរិកដែលស្នាក់អាស្រ័យនៅកម្ពុជាក៏ទទួល បាននូវសេចក្តីសុខសុវត្ថិភាពនេះដែរ។ ផ្ទុយមកវិញ ទឹកដីអាមេរិករបស់ William Heidt ឯណេះវិញទេដែលគួរឱ្យខ្លាចមិនចង់រស់នៅ ព្រោះពោរពេញដោយការប្រើប្រាស់កាំភ្លើងខុសច្បាប់ ឃាតកម្មរាប់មិនអស់ អសន្តិសុខ ជាកន្លែងដែលគ្មានសុវត្ថិភាពគ្រប់គ្រាន់។

ដូច្នេះ ឯកអគ្គរដ្ឋទូតអាមេរិក William Heidt គួរឈប់ធ្វើអត្ថាធិប្បាយតាមកំហឹងផ្ទាល់ទៀត និងសូមកុំបំភ្លៃ បំផ្លើស បំប៉ោងសភាពការណ៍ពិតធ្វើអ្វី។ កម្ពុជាជាកោះសន្តិភាពមួយដែលពោរពេញដោយការអភិវឌ្ឍ សុខសុវត្ថិភាព មិនមែនជាកន្លែងអសន្តិសុខ ដូចអ្វីដែលលោកទូតយល់ឃើញនោះទេ។ បើកម្ពុជាគ្មានសន្តិភាព និងសន្តិសុខទេ ទំនង លោកទូត និងភរិយាមិនអាចធ្វើដំណើរចូលព្រៃ និងទៅតំបន់នានារបស់កម្ពុជាដោយ សប្បាយរីករាយ បោះតង់បោះជំនុំសម្រាកក្នុងព្រៃឡើយ។ លោក William Heidt គួរលះបង់ គំនិតលោភៈ ទោសៈ មោហៈចេញពីក្នុងខ្លួន និងវាយតម្លៃម្តងទៀតថាកម្ពុជាមិនដូចអ្វីដែលលោកបានគិត ក្នុងភាពយល់សប្តិនោះឡើយ។ កម្ពុជាពោរពេញដោយសុខសុវត្ថិភាព និងការអភិវឌ្ឍ៕

ដោយ៖ ពល ពានរិន្ទ អ្នកវិភាគ និងតាមដានសភាពការណ៍នយោបាយនៅកម្ពុជា
ខេត្តកណ្តាល ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧