(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៨គ្រឿង រថយន្តតូច៤គ្រឿង និងរយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាផ្លូវ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៣លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៤នាក់ របួសធ្ងន់ចំនួន២១នាក់ និងរបួសស្រាលចំនួន៥នាក់៕