(ភ្នំពេញ)៖ ស្ថានការណ៍នយោបាយកម្ពុជាបានឈានមកដល់របត់មួយថ្មី បន្ទាប់ពីមេបក្សប្រឆាំងត្រូវបានចាប់ខ្លួន ក្នុងអំពើក្បត់កម្ពុជា ដែលជាទោសក្បត់ជាតិ តាមរយៈភស្តុតាងជាសំដីដែលមេបក្សប្រឆាំងរូបនេះ បាននិយាយអួតជាសាធារណៈអំពីជោគជ័យដំណាក់កាលទី១ ក្នុងការអនុវត្តផែនការសម្ងាត់ឃុបឃិតជាមួយសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមរូបភាពជាបដិវត្តតាមបែបយូហ្គោស្លាវី ប៉ុន្តែ ជ្រកក្រោមទិសស្លោក «ការផ្លាស់ប្តូរជាវិជ្ជមាន»។ ទន្ទឹមនេះក៏មានព័ត៌មានផ្សព្វផ្សាយថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអំពើក្បត់ជាតិរបស់មេបក្សសង្រ្គោះជាតិហើយ និងបានប្រកាសថា នឹងដាក់ពាក្យប្តឹងទៅតុលាការកំពូល ដើម្បីប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ដោយសារសកម្មភាពក្បត់ជាតិរបស់មេបក្សសង្រ្គោះជាតិមិនអាចកាត់ផ្តាច់ពីគណបក្ស។ មេគណបក្សយុវជនកម្ពុជា ក៏បានចេញមុខប្រកាសថា នឹងប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ក្នុងហេតុផលប្រហាក់ប្រហែលគ្នានឹងគណបក្សហ៊្វុនស៊ិនប៉ិចដែរ។ តាមការពិតយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ដោយផ្អែកលើហេតុផលនៃផលប្រយោជន៍នយោបាយ ឬដោយផ្អែកលើហេតុផលជាតិនិយមប្រឆាំងនឹងអំពើក្បត់ជាតិ គ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិធ្វើជាដើមបណ្តឹងប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សដែលធ្វើខុស នឹងច្បាប់ស្តីពីគណបក្សនយោបាយបាន។

១៖ ដំបូងឡើយមានប្រជាជនខ្មែរជាច្រើន ពិសេសអ្នកគាំទ្រគណបក្សប្រឆាំង មានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការចាប់ខ្លួន និងការចោទប្រកាន់ទៅលើមេបក្សប្រឆាំងពីបទក្បត់ជាតិ ហើយប្រសិនបើគ្មានវីដេអូ ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ ដែលមានទីតាំងនៅអូស្រ្តាលីជាភស្តុតាងមិនអាចប្រកែកបាន ហើយមេបក្សប្រឆាំងរូបនេះ ជាអ្នកនិយាយខ្លួនឯងនៅក្នុងវីដេអូនោះទេ ប្រហែលគ្រប់គ្នាមិនជឿ ហើយសង្ស័យជាការចាប់ខ្លួនដោយគ្មានភស្តុតាង ឬលាបពណ៌លើមេបក្សប្រឆាំងទៀតផង។ ប៉ុន្តែអ្វីៗត្រូវបានលាតត្រដាងដោយសម្តីរបស់មេបក្សប្រឆាំងខ្លួនឯងផ្ទាល់ ហើយសកម្មភាពកន្លងមករបស់គណបក្សប្រឆាំង និងមេដឹកនាំគណបក្សនេះ គឺបានបង្ហាញច្បាស់ថា សម្តីដែលបាននិយាយរៀបរាប់ក្នុងវីដេអូនោះ គឺជាការពិត ដែលបក្សប្រឆាំងស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អាមេរិក ហើយផែនការដែលបានអនុវត្តដោយ គណបក្សប្រឆាំងកន្លងមក គឺជាការអនុវត្តផែនការសម្ងាត់នៃការធ្វើបដិវត្តក្នុងដំណាក់កាលទី១ តាមលំនាំនៃការធ្វើបដិវត្តផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅយូហ្គោស្លាវី ក្រោមស្លាក «ការផ្លាស់ប្តូរជាវិជ្ជមាន»។

ចុងក្រោយនេះគ្រប់គ្នាយល់កាន់តែច្បាស់ថា «ការផ្លាស់ប្តូរជាវិជ្ជមាន» គឺជាសារនយោបាយរបស់គណបក្សប្រឆាំង ដើម្បីបង្កើតជាលេសសម្រាប់ការអនុវត្តផែនការនៃការធ្វើបដិវត្តពណ៌នៅកម្ពុជាប៉ុណ្ណោះ។ ហេតុដូចនេះហើយបានជាគេឃើញអាមេរិកតែងលូកដៃជួយជានិច្ច ទាំងដោយផ្ទាល់ ទាំងដោយប្រយោល នៅក្នុងសកម្មភាពរបស់បក្សប្រឆាំងកន្លងមក ដូចជាការួមបញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្ស និងគណបក្ស សមរង្ស៊ី ដែលធ្លាប់ជាបក្សសត្រូវនឹងគ្នា ហើយនៅអំឡុងពេលធ្វើមហាបាតុកម្ម មេដឹកនាំនៃគណបក្សទាំងពីរតែងចេញចូលទូតអាមេរិកជាញឹកញ៉ាប់ ដើម្បីទទួលការណែនាំ និងផែនការសម្រាប់អនុវត្តបន្ត ការផ្តល់លុយជាច្រើនសន្ធឹកសន្ធាប់ដល់អង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយដល់បក្សប្រឆាំងក្រោមលេសលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយដល់សកម្មភាពរបស់ប្រជាជនដើម្បីប្រឆាំង នឹងរដ្ឋអំណាចក្រោមលេសនៃការការពារសិទ្ធិមនុស្សជាដើម។

វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VoA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VoD) ដែលបុគ្គលិកមានសញ្ជាតិខ្មែរ ប៉ុន្តែស៊ីប្រាក់ខែអាមេរិក ដើរតួផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈបំភ្លៃ បំភាន់ បំផ្លើស និងបំប៉ោង ដើម្បីបញ្ឆេះកំហឹងប្រឆាំងរដ្ឋអំណាច ហើយពេលខ្លះបញ្ឆេះកំហឹងវណ្ណះសង្គមទៀតផង។ ការប្រមូលផ្តុំមនុស្សដើម្បីធ្វើមហាបាតុកម្ម ក្រោមលេសភាពមិនប្រក្រតីនៃការបោះឆ្នោត ការអុកឡុកតាមបណ្តារោងចក្រ ដើម្បីឱ្យញុះញង់កម្មករឱ្យចេញមកចូលរួមមហាបាតុកម្ម ហើយចុងក្រោយឈានទៅដល់ព្រឹត្តិការណ៍នៅផ្លូវវ៉េងស្រេង សុទ្ធតែសកម្មភាព និងផែនការនៃការធ្វើបដិវត្តពណ៌។ ខ្សែវីដេអូមួយរបស់លោក Chris Kelly ដែលមានចំណងជើងថា “A Cambodian Spring” គឺបានបង្ហាញអំពីការទទួលអារម្មណ៍មួយយ៉ាងពិតប្រាកដនៃការធ្វើបដិវត្តនៅកម្ពុជា។ សំណុំរឿងរបស់មេបក្សប្រឆាំង និងសកម្មភាពរបស់គណបក្សប្រឆាំង គឺជាសកម្មភាពក្នុងផែនការសម្ងាត់តែមួយឃុបឃិតជាមួយអាមេរិក ដើម្បីធ្វើបដិវត្តផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ហើយការបោះឆ្នោត គឺគ្រាន់តែសម្រាប់ប្រើជាលេសដើម្បីប្រមូលផ្តុំសម្រេចគោលដៅនៃការធ្វើបដិវត្តប៉ុណ្ណោះ។

២៖ ផ្អែកតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សប្រឆាំងដែលស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ឬដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ គឺជាអំពើខុសទៅនិងមាត្រា៦ថ្មី (ពីរ) និងមាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ ហើយគណបក្សនេះអាចជាកម្មវត្ថុនៃការរំលាយចោលដោយតុលាការកំពូល ដោយយោងតាមមាត្រា ៤៤ថ្មី (ពីរ) នៃច្បាប់ដដែលនេះ។ ដូចនេះលទ្ធភាពតាមផ្លូវច្បាប់ដែលគណបក្សប្រឆាំង ត្រូវរំលាយចោល គឺមានមូលដ្ឋានផ្លូវច្បាប់រឹងមាំអាចធ្វើទៅបាន ហើយករណីនេះពុំមែនជាករណីដោយឡែកសម្រាប់កម្ពុជានោះទេ ប្រទេសជាច្រើនក្នុងសកលលោក គឺតែងប្រកាន់យកជំហរ ដោយរួមទាំងសហរដ្ឋអាមេរិក ទៀតផង។ គណបក្សសង្រ្គោះជាតិ គឺជាគណបក្សតែមួយគត់ដែលមានអាសនៈនៅក្នុងរដ្ឋសភាចំនួន៥៥កៅអី។ ក្នុងករណីដែលគណបក្សនេះត្រូវបានរំលាយ តើអាសនៈទាំង ៥៥ របស់គណបក្សសង្រ្គោះជាតិ ត្រូវធ្វើការបែងចែងដូចម្តេច ? អាចមានសេណារីយោចំនួន៣៖

* សេណារីយោទី១៖ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបច្ចុប្បន្ន ក្នុងករណីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់គណបក្សសង្រ្គោះជាតិនឹងត្រូវបាត់បង់ ហើយអាសនៈទាំងនេះ នឹងត្រូវបែងចែកទៅឱ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។ ដោយសារបច្ចុប្បន្នមានតែគណបក្សចំនួន២ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដូចនេះនៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់គណបក្សនេះ នឹងត្រូវបែងចែកទៅឱ្យគណបក្សប្រជាជនកម្ពុជា មានន័យថា គណបក្សប្រជាជនកម្ពុជានឹងត្រូវទទួលបានអាសនៈទាំង១២៣ នៅរដ្ឋសភា ក្រោយពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ប៉ុន្តែស្ថានភាពនេះ នឹងធ្វើឱ្យរដ្ឋសភាកម្ពុជា ក្លាយជារដ្ឋសភាឯកបក្ស ដោយពុំមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាឡើយ។

* សេណារីយោទី២៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា រូបមន្តនៃការបែងចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គួរត្រូវបានកែសម្រួល ដោយធ្វើការបែងចែកទៅឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣។ ក្នុងករណីនេះ និងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១២០អាសនៈ ហើយគណបក្សហ្វុនស៊ិនប៉ិច នឹងទទួលបានចំនួន ៣អាសនៈ និងក្លាយជាគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។

* សេណារីយោទី៣៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា ពិសេសការធានាឱ្យគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា អាចបំពេញតួនាទីដោយមានតុល្យភាពជាមួយនឹងគណបក្សកាន់អំណាចអាសនៈទាំងអស់របស់ គណបក្សប្រឆាំងក្នុងរដ្ឋសភា ដែលត្រូវបានរំលាយ គួរធ្វើការបែងចែកទៅឱ្យគណបក្សផ្សេងទៀតដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ ដោយមិនរាប់បញ្ចូលគណបក្សកាន់អំណាច។ ក្នុងករណីនេះនិងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា អាសនៈទាំង៥៥ របស់គណបក្សប្រឆាំងនឹងត្រូវបែងចែកទៅឱ្យគណបក្សចំនួន៥ក្នុងនោះ គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងទទួលបាន៤១អាសនៈ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន៦អាសនៈ, គណបក្សខ្មែរឈប់ក្រ ទទួលបាន៥អាសនៈ, គណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចទទួលបាន១អាសនៈ។

៣៖ គួរកត់សម្គាល់ផងដែរថា ក្នុងករណីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់សមាជិកក្រុមប្រឹក្សា នៃគណបក្សនេះនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងត្រូវបាត់បង់ដូចគ្នាផងដែរ។ ដូចនេះ ក្នុងករណីដែលច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវបានធ្វើវិសោធនកម្ម ទៅតាមរូបមន្តណាមួយក្នុងចំណោមសេណារីយោទាំង៣ខាងលើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ក៏ត្រូវធ្វើវិសោធនកម្មផងដែរ ដើម្បីបែងចែកអាសនៈក្រុមប្រឹក្សា នៃគណបក្សដែលត្រូវបានរំលាយ ទៅឱ្យគណបក្សផ្សេងតាមរូបមន្តដែលធានាបានសង្គតិភាពជាមួយនិងការបោះឆ្នោតថ្នាក់ជាតិ។

ក្នុងករណីដែលសេណារីយោទី៣ ត្រូវបានជ្រើសរើសយក ដូចនេះគណបក្សទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧ កន្លងទៅ នឹងត្រូវទទួលបានអាសនៈនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយរួមទាំងតំណែងមេឃុំ-ចៅសង្កាត់មួយចំនួនផង។ គណបក្សដែលទទួលបានអាសនៈបន្តពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយនេះ អាចចូលរួមប្រកួតប្រជែង ដើម្បីទទួលបានអាសនៈនៅព្រឹទ្ធសភាផងដែរ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

សូមជូនពរឱ្យសុខសន្តិភាព នៅបន្តរឹងមាំដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទំាងមូល ហើយការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រព្រឹត្តទៅ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលកម្ពុជាធ្លាប់អនុវត្តកន្លងមក ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
ដោយ៖ បក្សីចាំក្រុង