(ភ្នំពេញ)៖ បុរសជនជាតិឥណ្ឌា និងស្រីលង្កាចំនួន២នាក់ ដែលប៉ុនប៉ងលួចដកប្រាក់ពីទូរ «អេធីអឹម» សាធារណៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ​ ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ប៊ុន សត្យា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាព ប៉ុនប៉ងលួចដកប្រាក់ពីម៉ាស៊ីនទូរ «អេធីអឹម» សាធារណៈរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលមានទីតាំងស្ថិតនៅមុខផ្ទះលេខ៦៤០E និង៦៤០F ផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។

បន្ទាប់ពីធ្វើសកម្មភាព និងបានរត់គេចខ្លួនបានរយៈរួចមក ព្រមទាំងមានពាក្យបណ្តឹងរបស់លោក ឈឹម ណារិទ្ធ អាយុ៤៨ឆ្នាំ តំណាងស្របច្បាប់ឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ទើបកម្លាំងនគរបាលបានស្រាវជ្រាវ និងឈានទៅដល់ការ ចាប់ខ្លួនពួកគេតែម្តង ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

លោក ប៊ុន សត្យា បានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ THANARAJ-THANGARAJH អាយុ៣០ឆ្នាំ ជនជាតិស្រីលង្កា មុខរបរ អ្នកជំនួញ ទី២-ឈ្មោះ CHANDHRAKANTH-BALASUBRA MANIAM អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌា មុខរបរអ្នកជំនួញ។

បើតាមលោក សត្យា វត្ថុតាងដែលត្រូវកម្លាំងនគរបាលរបស់លោកចាប់បានរួមមាន៖ ១-ម៉ូតូមួយគ្រឿងម៉ាកហុងដាអែប្លែត ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AC-5703, ២-បណ្ណ័អេធីអឹម VISA CARD ៥ សន្លឹក ៣-បណ្ណ័អេធីអឹម MASTER CARD ២ សន្លឹក ៤-Laptob ចំនួន ២គ្រឿង ៥-ផ្លាសសំរាប់ផ្ទុកទិន័យ ចំនួន១ ព្រមទាំងឯកសារជាច្រើនទៀត។

សម្រាប់ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕