(កូរ៉េខាងត្បូង)៖ បាតុកម្មដឹកនាំដោយ លោក ជុន ច័ន្ទបុត្រ ដែលអួតខ្លួនថា ជាអ្នកកាសែតឯករាជ្យរបស់វិទ្យុអាស៊ីសេរី បាននិងកំពុងយកជ្រកក្រោមវិទ្យុរបស់ អាមេរិកមួយនេះត្រូវបានរំសាយហើយ មានបាតុករពីប្រមាណជាង២០០នាក់ចូលរួម។ ការំសាយនេះធ្វើឡើងក្រោយពេលដែលធ្វើបាតុកម្មបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

នេះជាបាតុកម្ម ដើម្បីប្រឆាំងនឹងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា និងទាមទារឱ្យដោះលែង កឹម សុខា ព្រមទាំងអ្នកទោសផ្សេងទៀត។ បាតុកម្មដែលតាមការ អួតអាងរបស់សមាជិកគណបក្សសង្គ្រោះជាតិថា មានមនុស្សចូលរួមប្រមាណជាង៨០០០នាក់ ប៉ុន្តែជាក់ស្តែងមានជាង២០០នាក់។

ស្របពេលដែលកំពុងបាតុកម្ម និងឈានដល់ការរំសាយនោះ, គឺស្របពេលដែល លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ក៏បានអញ្ជើញពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករផងដែរ។

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពិតជាមានការជួបជុំពីសំណាក់ពលករខ្មែរ នៅកូរ៉េខាងត្បូង ពិតប្រាកដមែន ដើម្បីប្រឆាំងរដ្ឋាភិបាល ក៏ដូចជាការអំពាវនាវ ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោត នៅក្រៅប្រទេស។ ប៉ុន្តែលោក ឡុង ឌីម៉ង់ អះអាងថា «ចំនួនអ្នកចូលរួមតវ៉ា មានត្រឹមប្រមាណ២០០នាក់ប៉ុណ្ណោះ ដែលតាមការគ្រោងទុក ពួកគេគ្រោងអូសទាញរាប់ពាន់នាក់ តែមិនបានសម្រេច»

អ្នកវិភាគ និងជាអ្នកតាមដានស្ថានភាពការណ៍នយោបាយ ឈ្មោះ ពល ពានរិន្ទ បានលើកឡើងថា សង្ឃឹមថា ជុន ច័ន្ទបុត្រ មេដឹកនាំបាតុកម្មជំនួសមុខមេដឹកនាំ បក្សសង្គ្រោះជាតិ នឹងមិនបំផ្លើស បំភ្លៃ បំប៉ោងតួលេខអ្នកចូលរួមបាតុកម្មនៅកូរ៉េខាងត្បូងថ្ងៃនេះឡើយ! តាមគម្រោងត្រៀមបាតុករជាង ៨០០០នាក់ចូលរួម រហូតធ្វើឱ្យមេបំភ្លៃ និងបំប៉ោងប្រចាំវិទ្យុអាស៊ីសេរី ខំស្កាត់ពីទឹកដីអាមេរិកដែលខ្លួនពួនសម្ងំពីដីកាចាប់ខ្លួនរបស់សមត្ថកិច្ចតុលាការកម្ពុជា មកដល់ទឹកដីកូរ៉េ តែទីបំផុតមានកម្មករចូលរួមបាតុកម្មត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ។

អ្នកវិភាគ និងជាអ្នកតាមដានស្ថានភាពការណ៍នយោបាយដដែលរូបនោះ បានលើកឡើងទៀតថា នៅក្នុងការផ្សាយរបស់អាស៊ីសេរីយប់នេះ សង្ឃឹមថា ជុន ច័ន្ទបុត្រ នឹងមិនបំផ្លើសពីអ្នកចូលរួមជាង ២០០នាក់ទៅជាជាង ២០០០០នាក់ដើម្បីបិទបាំងភាពបរាជ័យក្នុងការកៀងគរពលករចូលរួម។ ពលករភាគច្រើនបានដឹងច្បាស់ លាស់ណាស់ថា នរណាជាជនក្បត់ជាតិ និងជនបោកប្រាស់ពួកគេយកលុយដាក់ហោប៉ៅខ្លួននោះ! ពិតជាគួរឱ្យសង្វេគ និងជាបរាជ័យដ៏អាម៉ាស់របស់ ជុន ច័ន្ទបុត្រ និងបក្ខពួក!៕

សូមបញ្ជាក់ថា ជនសង្ស័យ ជុន ច័ន្ទបុត្រ កំពុងតែត្រូវបានសមត្ថកិច្ចតុលាការកម្ពុជាតាមចាប់ខ្លួនពីបទក្លែង បន្លំអត្តសញ្ញាណចូលទៅក្នុងពន្ធនាគារព្រៃស ប៉ុន្តែខ្លាក្រដាសរូបនេះបានរត់គេចខ្លូនពីសំណាញ់ច្បាប់។ ជនសង្ស័យរូបនេះត្រូវបានអតីតសហសេវិករបស់ខ្លួននៅវិទ្យុអាស៊ីសេរីបរិហារថា បានស៊ីកេរតំណែលអាស៊ីសេរី និងយកវិទ្យុមួយ នេះមកបម្រើគណបក្សប្រឆាំង ដើម្បីផលប្រយោជន៍ខ្លួនឯង។ ប្រសិនបើអាមេរិកមិនមែនជាឪរបស់បក្សប្រឆាំងទេ ហើយវិទ្យុអាស៊ីសេរីពិតជាឯករាជ្យមែននោះ ទាំងអាមេរិក និងថ្នាក់ដឹកនាំរបស់វិទ្យុអាស៊ី មិនត្រូវឱ្យជនទុច្ចរិត ជុន ច័ន្ទបុត្រ យកឈ្មោះអាមេរិក និងវិទ្យុអាស៊ីសេរីមកប្រើប្រាស់ដើម្បីបម្រើបក្សប្រឆាំង និងផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕