(កំពង់ស្ពឺ)៖ ពិតជាអាយុវែងមែន និងអាចនិយាយថា ជាមនុស្សមានអាយុវែងជាងគេ នៅក្នុងប្រទេសកម្ពុជាក៏ថាបាន នោះគឺលោកយាយម្នាក់មានឈ្មោះ ប៉ែន រី នៅពេលបច្ចុប្បន្ននេះ មានអាយុ១១៧ឆ្នាំ ពោលលោកយាយបានកើតតាំងពីឆ្នាំ១៩០០មកម្ល៉េះ។

សព្វថ្ងៃលោកយាយកំពុងរស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរស់នៅជាមួយសាច់ថ្លៃ ប៉ុន្តែជីវភាពរបស់លោកយាយ បាននិងកំពុងជួបការខ្វះខាតយ៉ាងខ្លាំង បូករួមទាំងទីជំរកផងដែរ។ តាមរយៈអង្គភាពព័ត៌មាន Fresh News លោកយាយ ប៉ែន រី និងសាច់ថ្លៃរបស់លោក ក៏សូមអំពាវនាវដល់សប្បុរសជន ជួយបរិច្ចាគ ដើម្បីកែប្រែជីវភាពលោកយាយ កាន់តែប្រសើរឡើង។

យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ បាននាំយកអំណោយ និងថវិកាមួយចំនួនពីសប្បុរសជន យកទៅប្រគល់ផ្ទាល់ដៃលោកយាយតែម្តង។

ក្នុងនោះលោកស្រី ទី ស៊ុនលី អភិបាលរងស្រុកភ្នំស្រួច និងជាជាអនុប្រធានគណៈពង្រឹងចុះជួយឃុំព្រៃក្មេង រួមទាំងមេបញ្ជាការមូលដ្ឋានស្រុកភ្នំស្រួច តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន ក៏បានចុះទៅដល់ផ្ទះលោក ប៉ែន រី ដោយប្រគល់ថវិកា១លាន២សែនរៀល រួមទាំងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។

ជាមួយគ្នានេះ ក៏បាននាំយកថវិកាឧបត្ថម្ភពីពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចំនួន៤០ម៉ឺនរៀល, លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន៤០ម៉ឺនរៀលផងដែរ, លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានផ្តល់អង្ករ០៣បាវ ថវិកា៣០ម៉ឺនរៀល ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ នំ០២ធុង និងលោក ឈា វិនុត តំណាងរោងចក្រសាប៊្រីណា ភួយ០១ ថវិកា១០ម៉ឺនរៀលផងដែរ៕