(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅភូមិ-ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាកន្លែងរង់ទម្ងន់គ្រាប់បែកអាមេរិកយ៉ាងធ្ងន់ធ្ងរក្នុងសម័យសង្រ្គាម ហើយក៏ជាកន្លែងដែលវត្តមានគ្រាប់បែកគីមីរបស់អាមេរិកបន្សល់ទុកផងដែរនោះ បានរៀបរាប់បង្ហាញនូវទុក្ខវេទនា និងការឈឺចាប់យ៉ាងខ្លាំងចំពោះជាមួយអាមេរិក ចំពោះការទម្លាក់គ្រាប់បែកនាំដល់ការសម្លាប់រង្គាលប្រជាពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃនោះ។

លោក ស ហ៊ុន ដែលជាប្រជាពលរដ្ឋមានវ័យចំណាស់មួយរូបនៅក្នុងភូមិគគី និងបានរងទុក្ខដោយសារទម្ងន់គ្រាប់បែកដែរនោះ បានបញ្ជាក់ថា នៅភូមិគគីររបស់គាត់ ក៏ដូចជាភូមិដទៃទៀតក្នុងឃុំគគីរ បានរងនូវការវាយប្រហារដោយគ្រាប់បែករបស់អាមេរិកយ៉ាងធ្ងន់ធ្ងរបំផុត។ ទម្ងន់គ្រាប់បែកអាមេរិក ដែលទម្លាក់ទាំងថ្ងៃទាំងយប់នោះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិរបស់ពួកគាត់បានស្លាប់ និងពិការ ហើយជាប្រជាពលរដ្ឋជាច្រើនទៀត ត្រូវឆេះផ្ទះសម្បែងគ្មានសល់។

លោក ស ហ៊ុន ក៏បានបញ្ជាក់ថាអំឡុងពេលនៃការទម្លាក់គ្រាប់បែករបស់អាមេរិកពីចុងទសវត្សរ៍ឆ្នាំ៦០ និងដើមទសវត្សរ៍ឆ្នាំ៧០ ទាំងរូបគាត់ និងប្រាពលរដ្ឋដទៃទៀតរស់លាក់ខ្លួនពួនអាត្មាតែក្នុងរណ្តៅត្រង់សេ ដើម្បីគេចពីគ្រាប់បែកអាមេរិក ដែលធ្វើឲ្យការរស់នៅជួបការលំបាកជាទីបំផុត។

បុរសវ័យចំណាស់ក្នុងភូមិគគីរ និងជាអ្នកដែលបានកាយដីកប់គ្រាប់បែកគីមីរបស់អាមេរិកដែរនោះ បានថ្លែងថា ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតមានការខឹងសម្បាយ៉ាងខ្លាំងជាមួយសហរដ្ឋអាមេរិក ហើយការខឹងសម្បានេះមិនអាចរលុបបាត់បាននោះឡើយទោះបីវាមានរយៈពេលជាយូរយ៉ាងណាក្តី។

ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះក្រោមទម្ងន់គ្រាប់បែកអាមេរិកនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានទទូចឲ្យអាមេរិកទទួលខុសត្រូវលើកំហុសដ៏ព្រៃផ្សៃរបស់ខ្លួនកាលពីអតីតកាល ហើយត្រូវជួសជុលការខូចខាតទាំងឡាយរបស់កម្ពុជា។ ជាពិសេសត្រូវជួសជុលការឈឺផ្សារបស់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារគ្រាប់បែកអាមេរិក ប្រសិនអាមេរិកជាប្រទេសទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់លើសិទ្ធិរបស់មនុស្សមែននោះ។

ទម្ងន់គ្រាប់បែកអាមេរិកចន្លោះដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ ២លាន ៨សែនតោន និងគ្រាប់បែកគីមីផ្សេងទៀត ដែលបានទម្លាក់ក្រោមលេសតាមកម្ទេចកងទ័ពពួកយៀកកុង​ បានសម្លាប់ពលរដ្ឋខ្មែរជាង ៥០០,០០០នាក់ កម្ទេច ផ្ទះសម្បែង ទីអារាមខែ្មររាប់ម៉ឺន​កន្លែង ហើយពលរដ្ឋខ្មែររាប់លាននាក់ទៀត ត្រូវពិការ និងស្លាប់ដោយជំងឺផ្សេងៗផងដែរ៕

ខាងក្រោមនេះ គឺជាការរៀបរាប់បង្ហាញនូវកំហឹងឈឺចាប់ និងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែររងគ្រោះដោយគ្រាប់បែកអាមេរិក ដែលកំពុងរស់នៅក្នុងភូមិ-ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង៖