(ភ្នំពេញ)៖ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​​ចេញ​ដីកា​ឃុំ​ខ្លួន គ្រូហោរ៉ា ​អគ្គី​នេត្រ ដាក់​ពន្ធ​នា​គា​ព្រៃសជាបណ្តោះ​អាសន្ន​ហើយ រង់ចាំ​បើក​ការ​ស៊ើប​អង្គេត​បន្ថែម​នៅ​ពេល​ក្រោយ។ នេះបើយោងតាមមន្រ្តីតុលាការបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ។

សូម​បញ្ជាក់​ថា ជន​ជាប់​ចោទ​មាន​ឈ្មោះ វ៉ាន់ សុខសីហា ដែល​ឈ្មោះ​ហៅ​ក្រៅ ពិសេស​មជ្ឈ​ដ្ឋាន​ទូ​ទៅ​ស្គាល់​ថា​ឈ្មោះ គ្រូ​ហោរ៉ា អគ្គីនេត្រ ដែល​ជា​វេទ​មន្ត​ក្លែង​ក្លាយ​កាប់​មិន​មុត​ដុត​មិន​ឆេះ អាយុ​២១​ឆ្នាំ មាន​ទី​លំ​នៅ ផ្ទះ​គ្មាន​លេខ ស្ថិត​ក្រោយ​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។

ជន​ជាប់​ចោទ​រូប​នេះ ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កុល ប៊ុន សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។

គួរ​បញ្ជាក់​ថា ជន​រូប​នេះ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ «ក៦» នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ធ្វើ​​ការ​ចាប់​ឃាត់​ខ្លួន​កាល​ពីរសៀល​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ចំណុច​ខាង​ក្រោយ​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក។ ក្នុង​ការ​ឃាត់​ខ្លួន សមត្ថកិច្ច​ធ្វើ​ការ​ដក​ហូត បាន​ថ្នាំ​ញៀន មេ​តំហ្វេ​តាមីន ឬ​ហៅ​ថា​ម៉ា​ទឹក​កក ចំនួន​២​កញ្ចប់​ធំ​ល្មម ដែល​មាន​ទម្ងន់​ស្មើ​នឹង ២.៦៨​ក្រាម៕