(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ សាខា អនុសាខា និងអ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ បាន យកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១១១គ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងរយៈពេលកន្លងមក។

នៅក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បាននាំពាក្យសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរតែងបានយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅ របស់បងប្អូនយើង។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាក់ស្តែងបងប្អូនយើង ដែលរស់នៅភូមិធម្មជាតិនេះ គឺបានទទួលនូវ ការយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ ដោយសម្តេចបានផ្តល់ដីសម្បទានសង្គមកិច្ច សំរាប់បងប្អូនសាងសង់លំនៅដ្ឋានរស់នៅដោយស្របច្បាប់។

ដោយឡែក កាលពីគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងទៅនេះ ក្នុងនាមអជ្ញាធរខេត្តក៏ដូចមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែនគឺយើងបានជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា មកកាន់ទីទួលសុវត្ថិភាព ដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗ និយាយតាមទិដ្ឋភាពជាក់ស្តែង ដែលបងប្អូនប្រជាពលរដ្ឋ បានមើលឃើញ និងភ្នែកដែលមិនអាចប្រកែកបដិសេធបាននោះ គឺមានតែគណបក្សប្រជាជនកម្ពុជា ទេដែលស្ថិតនៅ ជាប់ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ រួមសុខរួមទុក្ខជាមួយគ្នា។

លោក អ៊ុន ចាន់ដា បានលើកឡើងថា អំណោយដែលចែកជូននៅពេលនេះ ទោះបីតិចតួចក្តី តែបានដោះស្រាយនូវការ លំបាក របស់បងប្អូនយើងមួយគ្រាៗផងដែរ ហើយលោកបានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលពូជ ស្រូវ ដែលបានចែកជូនត្រូវនាំគ្នាយកទៅដាំដុះដើម្បីលើកកំពស់ជីវភាពគ្រួសារបន្ថែមទៀត៕