(បាត់ដំបង)៖ ប្រជាពលរដ្ឋនៅក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នាំគ្នាសប្បាយរីករាយបន្ទាប់ពីប្រធានក្រុមការងារគណបក្សប្រជាជនស្រុក ប្រកាសផ្តល់ដីគ្រួសក្រហម២០០ឡានធំ សម្រាប់ចាក់ធ្វើថ្នល់ក្នុងភូមិ ខណៈមេឃុំបក្សប្រឆាំង មិនទាន់ឃើញជួយអីដល់ពលរដ្ឋសោះ តាំងពីបានឈ្នះឆ្នោតមេឃុំមក។

ប្រធានក្រុមការងារបានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ២៥០គ្រួសារ នៅក្នុងបរិវេណវត្តបួរខ្នារស្ថិត​ក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមវត្តមានលោក ឡោក ហ៊ួរ ប្រធានក្រុមការងារចុះជួយបក្សស្រុក និងលោក កុល វីរៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែ។

លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ បានឲ្យដឹងថា លោកនិងក្រុមការងារនៅតែបន្តចុះដោះស្រាយសំណូមពរប្រជាពលរដ្ឋបន្ថែមទៀត ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋ លោកបានផ្តល់ដី២០០ឡានធំសម្រាប់ធ្វើផ្លូវក្នុងភូមិនានាក្នុងឃុំវត្តតាមិម។

នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ចំនួន២៥០នាក់ ដោយបានបញ្ជាក់ថា ក្នុងនាមប្រធានក្រុមការងារស្រុក លោកតែងដឹកនាំប្រធានក្រុមការងារ​ទទួលខុសត្រូវឃុំទាំងអស់ឲ្យចុះ​មូលដ្ឋានដើម្បីជួយដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងជាច្រើនអណត្តិមកហើយ។

លោកបានបន្តថា ចុះមេឃុំបក្សប្រឆាំងដែលទើបជាប់ឆ្នោតវិញ បានធ្វើអ្វីខ្លះហើយ គឺធ្វើតាមការសន្យាខ្យល់តាមរយៈឃោសនា​បោះឆ្នោតឃុំកន្លងទៅថ្មីៗនេះ សុទ្ធតែពាក្យបោកប្រាស់ថាបានឈ្នះឆ្នោត​គឺយកលុយ៥០ម៉ឺនដុល្លាក្នុង១ឃុំ​មកជួយកសាងភូមិឃុំ​នោះនៅឯណាដែរ? ហើយបងប្អូនប្រជាពលរដ្ឋបានឃើញជាក់ស្តែងហើយឬនៅ ចំណែកគណបក្សប្រជាជនកម្ពុជា​វិញមិនដែលសន្យាម្តង​ណាទេ តែបានធ្វើជាក់ស្តែងរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យពិតៗ ។

លោកបានបន្ថែមថា «ឆ្នាំនេះបងប្អូនបានប្រមូលផលស្រូវច្រើនជាងឆ្នាំមុន ហើយលក់បានតម្លៃខ្ពស់ សប្បាយក្នុងចិត្តទាំងអស់គ្នា នេះក៏បានដោយសាររាជរដ្ឋាភិបាល កាន់អំណាចដោយគណបក្សប្រជាជនកម្ពុជា បានខិតខំគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានរកទីផ្សារលក់ស្រូវជូនពលរដ្ឋយើង។ ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំ CPP គ្រប់ជាន់ថ្នាក់ បានរកដៃគូរម៉ាស៊ីនកិនស្រូវធំៗ មកទិញស្រូវកសិករ ស្របពេលយើងមានឡសម្ងួតស្រូវកាន់តែច្រើន នៅខេត្តបាត់ដំបង ធ្វើឲ្យស្រូវកសិករយើងលក់បានថ្លៃជាមុនផងដែរ»។

លោកបានផ្តាំផ្ញើជាមួយប្រជាពលរដ្ឋទាំងអស់ថា «យើងនាំគ្នាឈប់ជឿឃោសនាការកុហក់ ភូតភរ បោកប្រាស់របស់បក្សប្រឆាំង​បន្តទៀត​ទៅ ព្រោះគ្មានប្រយោជន៍សម្រាប់បងប្អូនទេ យើងបានឃើញជាក់ស្តែងទាំងអស់គ្នាហើយ គេជាប់ឆ្នោតមេឃុំអត់ឃើញ​ដូចការសន្យា​របស់ពួកគេផង»

ក្នុងឱកាសសំណេះសំណាលនោះដែរ អ្នកចូលរួមទាំង២៥០នាក់ បានវត្ថុកម្តរដៃម្នាក់ទទួលបានសារ៉ុង១ ពីលោកប្រធានក្រុមការងារ បន្ទាប់មកលោកប្រធានបានទៅចូលរួមបុណ្យដាលានប្រជាន់ស្រូវ នៅភូមិអូសទូកឃុំអូសទូកស្រុកសង្កែ​និងចូលបច័្ចយបុណ្យ​ចំនួន៣០០ដុលាផងដែរ៕