(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការ ជូនដល់សមាសភាពមកពីតាមនាយកដ្ឋាន ចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃ បង្កើតជាគណៈកម្មាធិការ ដើម្បីចុះបេសកកម្មការងារ និងបង្រ្កាបបទល្មើសនានា រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការសាងសង់សំណង់ និងប៉ុស្តិ៍អនាធិបេតយ្យនានា នៅតាមបណ្តាខេត្តជាប់ព្រំដែនមួយចំនួន។

យោងតាមលិខិតបង្គាប់ការបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សោម សោភ័ណ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាថ្នាក់ដឹកនាំនៅបណ្ឌិតសភានគរបាលជាតិ ជាប្រធាន អមដោយសមាជិកចំនួន១៤រូបផ្សេងទៀត ចាប់ពីអនុប្រធាននាយកដ្ឋាន រហូតដល់ នាយរងផ្នែក មកពីតាមនាយកដ្ឋានផ្សេងទៀត ដោយចុះទៅកាន់ខេត្តមួយចំនួនជាប់ព្រំដែន រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តក្រចេះ ខេត្តត្បួងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តតាកែវ។

នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី សំ ពិសី អនុប្រធានាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែនេះ កម្លាំងប្រតិបត្តិការរបស់លោក បានធ្វើកិច្ចការងារជាច្រើន ជូនក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល លើការបង្រ្កាបបទល្មើស ដូចជា៖ ឈើ និងការជួញដូរ គ្រឿងញៀនជាដើម ព្រមទាំងបានរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមព្រំដែនជាច្រើនផងដែរ។

លោកឧត្តសេនីយ៍ សំ ពិសី ក៏បានបញ្ជាក់ផងដែរថា ពេលក្រុមការងាររបស់លោក ចុះបេសកកម្ម នៅតាមបណ្តាខេត្តទាំងនេះ ក៏មានការប៉ះពាល់ជាមួយ ក្រុមមន្រ្តីខិលខូចមួយចំនួន នៅលើផលប្រយោជន៍របស់គេផងដែរ៕