(កូរ៉េខាងត្បូង)៖ ជនសង្ស័យ ជុន ច័ន្ទបុត្រ ដែលអួតខ្លួនថា ជាអ្នកកាសែតឯករាជ្យរបស់វិទ្យុអាស៊ីសេរី បាននិងកំពុងយកជ្រកក្រោមវិទ្យុរបស់អាមេរិកមួយនេះ ដើម្បីបម្រើគណបក្សប្រឆាំង ព្រោះរាល់ សកម្មភាពដែលបុគ្គលនេះ បានធ្វើគឺដើម្បីបុព្វហេតុបក្សប្រឆាំងជានិច្ច។

ជាក់ស្តែងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ ជុន ច័ន្ទបុត្រ បានដឹកនាំការធ្វើបាតុកម្មមួយរបស់កម្មករនៅកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងការអនុវត្តច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា និងទាមទារឱ្យដោះលែង កឹម សុខា ព្រមទាំងអ្នកទោសផ្សេងទៀត។ បាតុកម្មដែលតាមការអួតអាងរបស់សមាជិកគណបក្សសង្គ្រោះជាតិថា មានមនុស្សចូលរួមប្រមាណជាង៨០០០នាក់ ប៉ុន្តែជាក់ស្តែងមានត្រឹមតែជាង២០០ នាក់ ហើយរកមិនចង់បានផង។

ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ពិតជាមានការជួបជុំពីសំណាក់ពលករខ្មែរ នៅកូរ៉េខាងត្បូង ពិតប្រាកដមែន ដើម្បីប្រឆាំងរដ្ឋាភិបាល ក៏ដូចជាការអំពាវនាវ ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតនៅក្រៅប្រទេស។ ប៉ុន្តែលោក ឡុង ឌីម៉ង់ អះអាងថា «ចំនួនអ្នកចូលរួមតវ៉ា មានត្រឹមប្រមាណ២០០នាក់ប៉ុណ្ណោះ ដែលតាមការគ្រោងទុក ពួកគេគ្រោងអូសទាញរាប់ពាន់នាក់ តែមិនបានសម្រេច»។

លោក ឌីម៉ង់ បានបន្តទៀតថា សម្រាប់ការចូលរួមតវ៉ា ក៏មានវត្តមាន លោក ជុន ច័ន្ទបុត្រផងដែរ។ ឯកអគ្គរាជទូតរូបនេះបានអះអាងថា ពួកគេជួបជុំតវ៉ាចាប់ពីវេលាម៉ោង១០ព្រឹក រហូតដល់ម៉ោង៤រសៀល ថ្ងៃនេះ។

សម្រាប់ឯកអគ្គរាជទូតរូបនេះ ពលរដ្ឋខ្មែរ និស្សិត និងពលករខ្មែរ នៅកូរ៉េ រាប់ពាន់នាក់ បាននឹងកំពុងរស់នៅរៀនសូត្រ និងធ្វើការខិតខំរកលុយផ្ញើជូនក្រុមគ្រួសាររបស់ពួកគេ នៅស្រុកកំណើត ដោយមិនខ្វាយខ្វល់ពីជន មួយក្តោបតូចទាំងនោះឡើយ។

ចំពោះការជួបជុំខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគនយោបាយដ៏ស៊ីជម្រៅនៅកម្ពុជា ចៅចាក់ស្មុក បានចាច់ទុកថា «នេះគឺជាបរាជ័យដ៏អាម៉ាសរបស់បក្សប្រឆាំង និងជាពិសេសជនសង្ស័យ ជុន ច័ន្ទបុត្រ ដែលខំស្កាត់ពីអាមេរិកមកដល់កូរ៉េដើម្បីចូលរួម ការពារជនក្បត់ជាតិ កឹម សុខា និងអ្នកនយោបាយមានទោសផ្សេងទៀត»។

សូមបញ្ជាក់ថា ជនសង្ស័យ ជុន ច័ន្ទបុត្រ កំពុងតែត្រូវបានសមត្ថកិច្ចតុលាការកម្ពុជាតាមចាប់ខ្លួនពីបទក្លែង បន្លំអត្តសញ្ញាណចូលទៅក្នុងពន្ធនាគារព្រៃស ប៉ុន្តែខ្លាក្រដាសរូបនេះ
បានរត់គេចខ្លូនពីសំណាញ់ច្បាប់។ ជនសង្ស័យរូបនេះ ត្រូវបានអតីតសហសេវិករបស់ខ្លួននៅវិទ្យុអាស៊ីសេរីបរិហារថា បានស៊ីកេរតំណែលអាស៊ីសេរី និងយកវិទ្យុមួយ នេះមកបម្រើគណបក្សប្រឆាំង ដើម្បីផលប្រយោជន៍ខ្លួនឯង។ ប្រសិនបើអាមេរិកមិនមែនជាឪរបស់បក្សប្រឆាំងទេ ហើយវិទ្យុអាស៊ីសេរីពិតជាឯករាជ្យមែននោះ ទាំងអាមេរិក និងថ្នាក់ដឹកនាំរបស់វិទ្យុអាស៊ី មិនត្រូវឱ្យជនទុច្ចរិត ជុន ច័ន្ទបុត្រ យកឈ្មោះអាមេរិក និងវិទ្យុអាស៊ីសេរីមកប្រើប្រាស់ដើម្បីបម្រើបក្សប្រឆាំង និងផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕