(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានគណៈចលនាស្ត្រីខណ្ឌ បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា សូមឲ្យជួយសហការ និងរាយការណ៍ផង ពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ គ្មានទីពឹង ​គឺជនងាយរងគ្រោះ​ ដើម្បីមានវិធានការពាំនាំយកទៅជម្រាបជូន លោក ជា ពិសី ប្រធានគណៈចលនាមហាជន​ខណ្ឌឫស្សីកែវ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ ក្នុងការរិះរកដំណោះស្រាយជូនជាថវិកា សម្ភារ ឫគ្រឿងឧបភោគបរិភោគឲ្យទាន់ពេលវេលា និងទាន់សភាពការ។

លោកស្រីបញ្ជាក់ថា សកម្មភាពនេះ ដើម្បីពង្រឹងចិញ្ចឹមចលនាបក្សបន្ថែមទៀត ឲ្យកាន់តែមានតម្លាភាពស្របទៅតាមអនុសាសន៍ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។

ប្រធានគណៈចលនាស្ត្រីខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា បានលើកឡើងខាងលើនេះ ជាសាធារណៈនៅក្នុងដំណើររួមជាមួយ លោកស្រី លីរ៉ូ ហ្សាមី អនុប្រធានគណៈចលនាស្ត្រីខណ្ឌ និងសហការី ចៅសង្កាត់ មេភូមិ មេក្រុម និងក្រុមយុវជន ​និងប្រជាការពារ ​មកពីគណបក្សប្រជាជនកម្ពុជា​ជាច្រើននាក់ បន្ទាប់ពីទទួលបានការណែនាំពីអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាល ដោយពាំនាំយកនូវសកម្មភាពមនុស្សធម៌ មានជាថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគយ៉ាងច្រើន ទៅផ្ដល់ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន។

​ក្នុងនោះមានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជនទីទាល់ក្រ គ្មានទីពឹងជួលផ្ទះគេ ចាំផ្ទះឲ្យគេ បុណ្យសពតាមទីវត្តអារ៉ាម និងមេភូមិផងដែរ ពិសេសសមាសភាពសមាជិក សមាជិការបស់គណបក្ស ដែលជួបឧបត្តវហេតុផ្សេងៗ តាមជាក់ស្ដែង ​ផ្ដល់ជូនជនងាយរងគ្រោះ​ ជិត៥០គ្រួសារ តាំងពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដាភូមិនានា ក្នុង៧សង្កាត់ រួមមាន៖ សង្កាត់ទួលសង្កែទី១ សង្កាត់ទួលសង្កែទី២ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី២ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ខណៈគ្រួសារទីទាល់ក្រនីមួយៗទទួលបានជាថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាប្រមាណ៥លានរៀល។

ក្នុងសកម្មភាពមនុស្សធម៌របស់គណៈចលនាស្ត្រី ខណ្ឌឫស្សីកែវ រយៈពេលជាង២០ថ្ងៃខាងលើនេះ លោកស្រី អាន ផល្លា បាន​ផ្ដាំផ្ញើសួរសុខទុក្ខ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា សាលាខណ្ឌឫស្សីកែវ និងអធិការដ្ឋាននគរបាលខណ្ឌ មានបើកយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឫអត្តសញ្ញាណផ្សេងៗ នូវទូទាំងខណ្ឌ រហូតឈានទៅដល់ធ្វើការចែកជូនប្រជាពលរ​ដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការប្រើប្រាស់ ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា គ្រប់ក្រុមគ្រួសារ នៅពេលខាងមុខ​ក្នុងឆ្នាំ២០១៨៕