(បារាំង)៖ តបតាមការអញ្ជើញ​របស់ក្រសួងការពារជាតិបារាំង​ លោកឧត្តមសេនីយ៍​ ហ៊ុន​ ម៉ាណែត​ បានដឹកនាំគណៈប្រតិភូបំពេញ​ទស្សនកិច្ច​ផ្លូវការក្រសួងការពារជាតិបារាំង​ នាសប្តាហ៍នេះ។ លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានចូលជួប និងពិភាក្សាការងារ​ជាមួយលោក​ឧត្តមសេនីយ៍​ Gen. Philippe ERRERA អគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ​ និង​យុទ្ធសាស្ត្រ​ (DGRIS) នៃក្រសួង​ការពារជាតិបារាំង​ នៅក្នុងទីក្រុង​ប៉ារីស ដោយផ្តោតសំខាន់លើកិច្ចសហប្រត្តិបត្តការ លើវិស័យយោធានៃប្រទេសទាំង២។

នៅក្នុងឱកាសនោះលោក ហ៊ុន​ ម៉ាណែត​ បានថ្លែងអំណរគុណដល់ភាគីមិត្ត នៃប្រទេសបារាំងដែលបានបានសហប្រត្តិបត្តការ លើវិស័យ​យោធានា​ពេលកន្លងមក ដោយផ្តោតលើកាបន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពជំនាញយោធាផ្សេងៗ និងបន្តជួយបណ្តុះបណ្តាល​លើផ្នែកភាសាសម្រាប់និស្សិត។

លោក ហ៊ុន​ ម៉ាណែត​ ក៏បានស្នើឱ្យភាគីបារាំង បន្តជួយហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងស្នើសុំវគ្គសិក្សា​សម្រាប់វគ្គនាយទាហានវ័យក្មេង និងស្នើសុំភាគីបារាំងជួយ សាលាហ្វឹកហ្វឺន នាយទាហានសកម្មលើពង្រីកចំណេះដឹង និងបច្ចេកវិទ្យា​ផ្សេងៗ។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍​ Gen. Philippe ERRERA ​បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភក្នុង​ដំណើរទស្សនកិច្ចផ្លូការ នៅក្រសួងការពារជាតិបារាំង​នៅពេលនេះ។

លោកឧត្តមសេនីយ៍​ Gen. Philippe ERRERA ក្នុងនាមភាគីបារាំង បានទទួលយកសំណើរនេះ ហើយពិនិត្យលទ្ធភាពក្នុងការជួយ​បន្តបណ្តុះបណ្តាល និងកសាងសមត្ថភាពនាយទាហានវ័យក្មេង របស់កម្ពុជាតាមលក្ខខណ្ឌរបស់ភាគីបារាំង។

​សូមបញ្ជាក់ថា គោលបំណងនៃជំនួបផ្លូវការនេះ គឺជាការរឹតបន្តឹងចំណងមិត្តភាព​ សាមគ្គីភាព​ និង​កិច្ចសហប្រតិបត្តិការល្អ​ រវាងប្រទេសទាំងពីរ​ កម្ពុជា-បារាំង ​លើវិស័យយោធា។ នេះគជាកម្មវិធីមួយក្នុងកម្មវិធីជាច្រើន ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត មកកាន់តំបន់អឺរ៉ុប៕