(បារាំង)៖ ពាណិជ្ជករខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំងជិត១០០នាក់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានលោក ហ៊ុន ម៉ាណែត នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប។

នៅក្នុងជំនួបពិសារអាហារសាមគ្គីមួយនាសប្តាហ៍នេះ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «នេះគឺជាភាពជោគជ័យរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានចាកចេញពីប្រទេសកម្ពុជា ហើយមានឱកាសធ្វើពាណិជ្ចកម្ម នៅក្រៅប្រទេសរហូតទទួលបានជោគជ័យ ដែលនេះហើយជាមោទនភាពសម្រាប់ប្រជាជនខ្មែរ»។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលបាននឹងកំពុងបង្កើតយន្តការផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជករខ្មែរ នៅក្រៅប្រទេសក្នុងការបង្កើតឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា»។ ជាមួយគ្នានេះលោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងពាណិជ្ជករខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង បង្កើតឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសដើម្បី ជួយប្រជាពលរដ្ឋខ្មែរ។

ពាណិជ្ជករខ្មែរនៅទីក្រុងប៉ារីស ដែលបានចូលរួមក្នុងជំនួបពិសារអាហារសាមគ្គី បានបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ចំពោះការបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជករខ្មែរ នៅក្រៅប្រទេស។

សូមបញ្ជាក់ថា រាល់ពេលបំពេញទស្សនកិច្ចនៅក្រៅប្រទេស លោក ហ៊ុន ម៉ាណែត តែងតែជួបពាណិជ្ជករខ្មែរនៅក្រៅ ដើម្បីផ្តល់ពីការរីកចម្រើនរបស់ប្រទេសជាតិ ផ្តល់ព័ត៌មានពីយន្តការផ្សេងៗ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជករខ្មែរ ការបង្កើតឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋខ្មែរ៕