(ភ្នំពេញ)៖ គណបក្សចំនួនពីរគឺគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ និងគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ បានប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ចោលព្រោះតែមេដឹកនាំ និងបក្សនេះប្រព្រឹត្តអំពើក្បត់ជាតិយ៉ាងធ្ងន់ធ្ងរ ដោយឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលប្រជាជនកម្ពុជាកំពុងទទួលផល។

ការសម្រេចព្រះទ័យរបស់សម្តេចក្រុមព្រះនៅថ្ងៃនេះ ពិតជាបានធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គបានមានបន្ទូល ជាសាធារណៈគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់ខ្លួន កឹម សុខា ពីបទក្បត់ជាតិ។ ពួកគេបានចោទសំណួរថា តើមូលហេតុអ្វីបានជាអ្នកនយោបាយចាស់វស្សាអង្គនេះសម្រេចប្តឹងរំលាយ គណបក្សសង្គ្រោះជាតិទៅវិញ? មានមូលហេតុ៤សំខាន់ៗដែលអាចបញ្ជាក់ពីការសម្រេចព្រះទ័យរបស់សម្តេចក្រុមព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចក្នុងការប្តឹងរំលាយបក្សសង្គ្រោះជាតិនេះ៖

ទី១៖ មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនធំ គឺជាអតីតមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ដែលពួកគេបានក្បត់នឹងសម្តេចក្រុមព្រះ និងក្បត់គណបក្សដែលធ្លាប់បាន ផ្តល់អំណាចតួនាទីបុណ្យស័ក្តិដើម្បីពួកគេមានឱកាសកសាងកេរ្តិ៍ឈ្មោះក្នុងសង្គមនយោបាយកម្ពុជា រហូតបែកគំនិតបំបែកគណបក្សហ៊្វុនស៊ិនប៉ិចជាបំណែក និងបានដណ្តើមយកអ្នកគាំទ្រពីគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះទៅបង្កើតគណបក្សថ្មី។ ដូច្នេះវាជាការស័ក្តិសមណាស់ ដែលប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានសិទ្ធិ ក្នុងការប្តឹងរំលាយគណបក្សដែលបំបែកខ្លួនពីគណបក្សដើម ហើយបក្សថ្មីនេះបានអនុវត្តនយោបាយបំផ្លាញជាតិតាមរយៈការឃុបឃិត និងត្រូវរ៉ូវគ្នា ជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះគឺជាការទះកំផ្លៀងក្រុមអ្នកក្បត់បក្ស និងក្បត់ជាតិ។

ទី២៖ ការប្តឹងរបស់សម្តេចក្រុមព្រះរំលាយគណបក្សសង្គ្រោះជាតិគឺប្រៀបបាននឹង កម្មពៀរម្តងម្នាក់។ គេនៅចាំបានថា សម រង្ស៊ី មេក្បត់បក្សហ៊្វុនស៊ិនប៉ិច និងអតីតប្រធានគណបក្សសង្គ្រោះជាតិបានធ្វើនយោបាយប៉ែងជើង សម្តេចក្រុមព្រះតាំងពីដើមរៀងមក និងហាក់ដូចជា បានប្រើប្រាស់នយោបាយគំនុំគ្រួសារ និងសងសឹកឱ្យឪពុករបស់ខ្លួន សម សារី ដែលជាជនក្បត់ជាតិ ដោយស្នើសុំឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយ កែប្រែពីប្រព័ន្ធ ២/៣ មកប្រព័ន្ធ ៥០%បូក១ វិញនៅឆ្នាំ២០០៦។ មួយក្បាច់នេះរបស់ សម រង្ស៊ី ប្រៀបបាននឹងការលើកអំណាចទាំងមូលដាក់លើជើងពានជូនគណបក្សប្រជាជនកម្ពុជាព្រោះ គណបក្សនេះទទួលបានអាសនៈលើសពី៥០% បូក១ ហើយស្មើនឹងសម្លាប់ជីវិតនយោបាយរបស់សម្តេចក្រុមព្រះដែរ។

ចាប់តាំងពីឆ្នាំ ២០០៦ សម រង្ស៊ី និងកឹម សុខា បានរួមដៃគ្នាកម្ទេចគណបក្សហ៊្វុនស៊ិនប៉ិចរហូតស្ទើរតែ បាត់ឈ្មោះពីពិភពនយោបាយកម្ពុជា ប៉ុន្តែនៅឆ្នាំ២០១៧នេះ គឺជាពេលវេលាដែល សម រង្ស៊ី និង កឹម សុខា ព្រមទាំងគណបក្សសង្គ្រោះជាតិសងនូវអ្វីៗ ដែលគណបក្សហ៊្វុនស៊ិនប៉ិចបានបាត់ និងបែកបាក់ពីអតីតកាល។

ទី៣៖ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សសង្គ្រោះជាតិបាននិងកំពុងបំពានច្បាប់ ដោយស្ថិតក្រោមការបង្គាប់បញ្ជារបស់បរទេស។ ការណ៍នេះជាការប្រព្រឹត្តនូវកំហុសដ៏ធ្ងន់ធ្ងរ ហើយនឹងឈានទៅដល់ការប្តឹងរំលាយគណបក្សថែមទៀតផង។ បើសិនជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយតាមអំណាចសាលដីកានៃ តុលាការកំពូល នោះបើយោងតាមច្បាប់ ក្រុមមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការនាយក នៃបក្សនេះអាចនឹងត្រូវហាមឃាត់មិនឱ្យធ្វើនយោបាយ៥ឆ្នាំដែរ។

ដូច្នេះតើមន្ត្រីគណបក្សនេះ សុខចិត្តឈរឱបដៃមើលបក្សរលាយ និងខ្លួនគ្មានបក្សជ្រកទេ? ពួកគេនឹងមិននៅស្ងៀមឡើយនោះអាចមានមន្រ្តីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិខ្លះត្រូវលាលែងតំណែង និងលះបង់សមាជិកភាពរបស់បក្សនេះ ហើយចាប់ពីផ្តើមស្វែងរកទ្រនុំថ្មីពីឥឡូវនេះទៅ បើពុំនោះទេ អាចនឹងត្រូវរងគ្រោះដោយ ទង្វើក្បត់ជាតិរបស់ កឹម សុខា ចំណែកអ្នកគាំទ្របក្សសង្គ្រោះជាតិវិញ គឺត្រូវពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយរវាងគណបក្សដែលធ្លាប់ តែបំភ្លៃបំផ្លើសបំប៉ោង និងបំភ័ន្ត និងគណបក្សដែលបម្រើរាស្ត្រ និងជាតិពិតប្រាកដដូចជាគណបក្សប្រជាជនកម្ពុជា។

ពួកគេមិនអាចបន្តឈរគាំទ្រជនក្បត់ជាតិដូច កឹម សុខា នោះឡើយ។ ដូច្នេះការសម្រេចប្តឹងរំលាយគណបក្សសង្គ្រោះជាតិ នឹងធ្វើឱ្យជនវង្វេងបក្សមួយចំនួនអាចរត់រកផ្លូវ ត្រូវវិញដោយវិលត្រឡប់មកចូលរួមជាមួយគណបក្សហ៊្វុនស៊ិន ប៉ិចដឹកនាំដោយសម្តេចក្រុមព្រះ។

ទី៤៖ ក្នុងនាមជាដៃគូប្រកួតប្រជែងនយោបាយ ពេលនេះជាឱកាសមាសមួយដែល សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច អាចស្តារនូវកេរ្តិ៍ឈ្មោះ និងកសាងកម្លាំងបក្សឡើងវិញ។ បើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយទៅតាមពាក្យបណ្តឹងមែននោះ គឺគណបក្សហ៊្វុនស៊ិនប៉ិច នឹងក្លាយជាគណបក្សធំទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ហើយដើរតួនាទីជាគណបក្សប្រឆាំងមួយដ៏ធំនៅកម្ពុជា។ សំខាន់តើហ៊្វុនស៊ិនប៉ិចអាចដើរតួនាទីជាគណបក្សប្រឆាំងបានល្អដែរឬទេ ខណៈបក្សសង្គ្រោះជាតិមិនបានធ្វើអ្វីជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឡើយ និងបានត្រឹមតែដើរសម្អុយប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ។

យើងក៏សង្ឃឹមថា នៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចដើរតួនាទីជាគណបក្សប្រឆាំង នឹងមិនមានផែនការក្បត់ជាតិ និងប្រជាជនកម្ពុជាដូចដែលគណបក្សសង្គ្រោះជាតិ និងមេដឹកនាំនៃបក្សសង្គ្រោះជាតិបានធ្វើឡើយ។ បើគណបក្សនេះត្រូវបានរំលាយនោះអាសនៈដែលបក្សសង្គ្រោះ ជាតិមាននៅព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានីខេត្ត ស្រុកខណ្ឌ និងឃុំសង្កាត់នឹងត្រូវបែកដល់គណបក្សផ្សេង។ ពេលនោះគណបក្សសង្គ្រោះជាតិនឹងបាត់បង់អ្វីៗទាំងអស់ហើយគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងលេចត្រដែតឡើងវិញ៕

ដោយ៖ ចៅចាក់ស្មុក