(បាត់ដំបង)៖ ស្រ្តីមេម៉ាយដែលមានវ័យ៦៥ឆ្នាំម្នាក់ បានស្លាប់គួរឲ្យអាណិតអាសូរយ៉ាងពន់ពេក នៅចន្លោះម៉ោង៩ដល់១២ថ្ងៃត្រង់ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្រុម១០ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងសង្ស័យត្រូវចោរមួយក្រុមប្លន់សម្លាប់ ដើម្បីយកទ្រព្យសម្បត្តិមួយចំនួន។

សាក្សីនៅក្នុងកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបងថា ចន្លោះវេលាម៉ោង៩ដល់១២ថ្ងៃត្រង់នេះ មានករណីឃាតកម្មមួយបានកើតឡើង សង្ស័យប្លន់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ ឡា មួយ អាយុ៦៥ឆ្នាំ មុខរបរលក់ជីគីមី នៅផ្ទះរស់នៅកន្លែងកើតហេតុខាងលើ។ បន្ទាប់ពីកើតហេតុ មន្រ្តីជំនាញធ្វើកោសលវិច័្ចយ ឃើញស្នាកស្នាមរបួសត្រូវនឹងរបស់រឹង ចំត្រង់ជើងសក់ថ្ងាស់ខាងស្តាំ និងត្រូវក្បាលពីក្រោយចំនួន៣កន្លែង បណ្តាលឲ្យស្លាប់តែម្តង។

បើតាមសមត្ថកិច្ច នៅវេលាម៉ោង១២ថ្ងៃត្រង់ មានអ្នកទិញជីម្នាក់ បានប្រទះឃើញដេកស្លាប់លើឥដ្ឋការ៉ូក្រោមផ្ទះ ហើយបានប្តឹសមត្ថកិច្ចភ្លាមៗតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានកូនប្រុស២នាក់ កូនបង ធ្វើជាគ្រូបង្រៀននៅសាកលវិទ្យាល័យបាត់ដំបង UBB និងប្រុសម្នាក់ទៀត ជាបុគ្គលិកការិយាល័យអប់រំ ស្រុកសង្កែ ប៉ុន្តែនៅថ្ងៃកើតហេតុ គាត់ជាប់រវល់ទៅប្រឡងនៅភ្នំពេញ។ សម្រាប់ទ្រព្យសម្បត្តិរប​ស់ជនរងគ្រោះ ត្រូវបានបាត់កាបូបលុយ១ ទូរស័ព្ទដៃ១។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា តាមចាប់ខ្លួន៕