(ស្វាយរៀង)៖ ថ្លែងក្នុងបទសម្ភាសន៍ពិសេស ជាមួយបណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរស់នៅកន្លែង គ្រាប់បែកគីមីរបស់អាមេរិក ស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានស្នើយ៉ាងទទូចឲ្យស្ថានទូតសហរដ្ឋអាមេរិក ចុះទៅមើលគ្រាប់បែករបស់ខ្លួន និងយក ចេញពីកន្លែងពួកគាត់រស់នៅ ព្រោះពួកគាត់កំពុងរស់នៅជាមួយភាពភ័យខ្លាច ហើយអាមេរិកត្រូវតែសងជំងឺចិត្តដល់ប្រជាជនខ្មែរ។

ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារអាមេរិកទម្លាក់គ្រាប់នោះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យអាមេរិក ឲ្យអ្នកជំនាញរបស់ខ្លួនយកទៅវិញផង ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនេះផុតទុក្ខព្រួយ...ខ្ញុំបាទចង់ឲ្យសហរដ្ឋអាមេរិកទទួលត្រូវនូវទង្វើរបស់ខ្លួន សាក្សីដែលកំបុតដៃ កំបុតជើង ដើរមិនចង់រួចដោយសាររំសេវរបស់លោក លោកធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់»

ជាពិសេសទៀតនោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង បានប្រកាសប្រាប់ទៅអាមេរិកថា អាមេរិកត្រូវតែសងជំងឺចិត្ត ដល់ប្រជាជនខ្មែរ ដែលទម្លាក់គ្រាប់បែក សម្លាប់បងប្អូនខ្មែរ ហើយគ្រាប់បែករបស់អាមេរិកបានទម្លាក់ស្រោចដូចទឹកភ្លៀង មកលើភូមិដ្ឋានរបស់ពួកគាត់ កាលពីសម័យសង្រ្គាម។

ក្រៅពីការទទូចឲ្យប្រទេសមហាអំណាចមួយនេះ មកពិនិត្យ និងយកគ្រាប់បែករបស់ខ្លួនត្រឡប់ទៅវិញនោះ ពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍នោះផ្ទាល់ បានរៀបរាប់ពីការទទួលរងនូវទុក្ខវេទនាថា នៅពេលគ្រាប់បែកនេះធ្លាក់ចេញពីយន្ដហោះភ្លាមមួយគ្រាប់ផ្ទុះ ដោយមួយគ្រាប់ទៀតមិនផ្ទុះឡើយ ហើយធ្វើឲ្យពលរដ្ឋ នៅទីនោះ ក្ដៅរោលរាលពេញមុខ ពេញខ្លួនប្រាណ ដោយមិនអាចនៅក្បែរគ្រាប់បែកនោះបានទេ៕

សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងខេត្តស្វាយរៀង៖