(ភ្នំពេញ)៖ ក្រុមបាល់ទាត់យក្សភ្នំពេញ និងក្រុមយក្សខេត្តព្រៃវែង ដែលជាក្រុមស្នេហាវិស័យកីឡាមួយនេះ បានណាត់គ្នាប្រកួតមិត្តភាពមួយ នៅលើទីលានក្នុងខណ្ឌច្បារអំពៅ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ពិសេសគឺការរួមចំណែកលើកស្ទួយវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ។

លោក ហេរ៉ូ សុជាតិ ប្រធានក្រុមបាល់ទាត់យក្សភ្នំពេញ បានឲ្យដឹងថា នេះគឺជាជំនួបមិត្តភាពលើកទី២ រវាងក្រុមទាំងពីរ គ្រាដែលកីឡាករមួយចំនួន គឺមានវ័យចាស់ ហើយកីឡាករខ្លះ ក៏ធ្លាប់លេងអាជីបដែរ ប៉ុន្ដែដោយសារការស្មារតីស្រលាញ់កីឡា លោកបនបង្កើតក្រុមនេះឡើង ដើម្បីប្រកួតរឹតចំណងមិត្តភាព និងដើម្បីសុខភាពនេះជាដើម ។

ប្រធានក្រុមដដែលបន្ដថា «ការប្រកួតមិត្តភាពនេះ គឺកើតឡើងក្រោមស្មារតីស្រលាញ់កីឡា ហើយពួកយើងបង្កើតក្រុមនេះឡើង គឺដើម្បីសុខភាព រួមទាំងការចូលរួមលើកស្ទួយនូវវិស័យកីឡា ។ ទន្ទឹមជាមួយគ្នា ពួគយើងក៏មានក្រុមហ៊ុនខារ៉ាប៉ាវ បានចូលរួមឧបត្ថម្ភ ដែលជំរុញឲ្យពួកយើងមានសកម្មភាពប្រកួតមិត្តភាពជាបន្ដបន្ទាប់ផងដែរ» ។

ដោយឡែកតំណាងក្រុមយក្សខេត្តព្រៃវែង បានឲ្យដឹងដែរថា ការប្រកួតមិត្តភាពនេះ ខ្លួនមិនគិតពីលទ្ធផលឈ្នះ ឬចាញ់ឡើយ សំខាន់គឺការរឹងចំណងមិត្តភាពរវាងក្រុមទាំងពីរ បូករួមទាំងការចូលរួមបំផុសឲ្យយុវជនគ្រប់រូប ចូលរួមលេងកីឡា ក្រោយទំនេរពីការសិក្សា ឬការងារផ្សេងៗ ហើយចៀសឆ្ងាយពីគ្រឿងញៀន ឬការប្រព្រឹត្តអំពើអបាយមុខនានា៕