(ភ្នំពេញ)៖ សមិទ្ធផលថ្មីនៅកម្ពុជា ជាពិសេសម្រាប់សិស្ស-និស្សិត ក៏ដូចជាប្រពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ គឺ «បណ្ណាល័យកំពង់ស្ពឺ» ដែលចំណាយការសាងសង់អស់ប្រមាណ៤០ម៉ឺនដុល្លារ បានផុសឡើងក្នុងក្រុងច្បារមន បើកឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី៣០ ខែកញ្ញានេះ។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «បណ្ណាល័យកំពង់ស្ពឺ» ធ្វើឡើងក្រោមអធិបតី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ, លោកស្រី Zuo Wenxing តំណាងស្ថានទូត នៃសាធារណរដ្ឋប្រជាមាណិតចិនប្រចាំកម្ពុជា, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀតនៅខេត្តកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ បានថ្លែងថា «បណ្ណាល័យកំពង់ស្ពឺ ជាសមិទ្ធផលមួយថ្មី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយនៅក្នុងបណ្ណាល័យនេះ គឺយើងបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយក្នុងនោះមានកុំព្យូទ័រជាដើម ដែលអាចជួយសម្រួលដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាចចូលមកស្រាវជ្រាវ បន្ថែមពីលើការអានសៀវភៅ»

លោកបន្ថែមថា «ខ្ញុំក៏សូមបញ្ជាក់ផងដែរថា បណ្ណាល័យកំពង់ស្ពឺមិនមែនតែជាទីកន្លែងមួយសម្រាប់អ្នកកំពង់ស្ពឺទេ គឺយើងសូមស្វាគមន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស មិនថាពលរដ្ឋមកពីកោះកុង ព្រះសីហនុ ឬ ពលរដ្ឋមកពីខេត្តកណ្ដាល ដែលជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺនេះ»។ លោកបានដាក់ដំណើការសាកល្បងតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ហើយបណ្ណាល័យកំពុងនេះត្រូវបានលោក ហ៊ុន ម៉ានី កត់សម្គាល់ថាសិស្សានុសិស្សចូលអានសៀវភៅមានការកើនឡើងពី ៦០ឡើងដល់១០០នាក់ក្នុងមួយថ្ងៃ។ លោកថា ការកើនឡើងនេះ «គឺជាឆន្ទះរបស់ពួកគាត់ក្នុងការមកអានសៀវភៅឬស្រាវជ្រាវ តែយើងនៅអំពាវនាវឲ្យពួកគាត់ចូលរួម»

គោលបំណងសំខាន់ក្នុងការសាងសង់បណ្ណាល័យកំពង់ស្ពឹនេះឡើង គឺដើម្បីផ្តល់ជាទីតាំងសិក្សាស្រាវជ្រាវមួយប្រកបដោយគុណភាព និងផាកសុខភាពដល់សាធារណៈជន និងប្រជាជនខេត្តកំពង់ស្ពឺជាពិសេសៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សម្រាប់ប្រើប្រាស់។ លើសពីនេះទៅទៀត វត្តមានបណ្ណាល័យកំពង់ស្ពឺ ក៏ជាផ្នែកមួយដែលបង្ហាញពីការចូលរួម យកចិត្តទុកដាក់ ជំរុញលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យអប់រំ ផ្តល់ឱកាសដល់ប្អូនៗ សិស្សានុសិស្សពង្រឹងសមត្ថភាព បង្កើតចំណេះដឹងតាមរយៈសៀវភៅជាង២ម៉ឺនក្បាល គ្រប់មុខវិជ្ជា គ្រប់ជំនាញ ដែលមានក្នុងបណ្ណាល័យ។

ក្រៅពីនេះតំណាងរាស្ត្រខេត្តកំពង់ស្ពឺរូបនេះ ក៏បានអំពាវនាវឲ្យសាធារណៈជន ផ្ដល់អំណោយជាសៀវភៅដល់បណ្ណាល័យកំពង់ស្ពឺ ដែលបច្ចុប្បន្នបណ្ណាល័យនេះ មានសៀវភៅជាង១ម៉ឺនក្បាល សម្រាប់ ១ម៉ឺនក្បាលដែលកំពុងមាននៅក្នុងបណ្ណាល័យ បើតាមលោក ហ៊ុន ម៉ានី វាជាចំនួនមួយនៅមិនទាន់គ្រប់នៅឡើយទេចំពោះអ្នកអាន និងអ្នកស្រាវជ្រាវ។

លោកស្រី Zuo Wenxing បានលើកឡើងថា ប្រទេសចិនតែធ្វើការគាំទ្រការអភវឌ្ឍន៍វិស័យអប់រំ និងកីឡារបស់កម្ពុជា ជាក់ស្ដែងកាលពី៨ឆ្នាំមុន បណ្ណាល័យអេឡិចត្រូនិចមួយ ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលបាលចិន ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅរាជ្យបណ្ឌិតសភាកម្ពុជា។

លោកស្រីលើកឡើងថា «នៅថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានអញ្ជើញចូលរួមសម្ពោធបណ្ណាល័យ និងទីលានបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ ដែលផ្ដួចផ្ដើមបង្កើតឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមជំនួយឧបត្ថម្ភរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា»

លោកស្រីបន្ថែមទៀតថា បច្ចុប្បន្ននិស្សិតកម្ពុជា ទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលចិន គឺមានចំនួនលើសពី២,០០០នាក់ហើយ គឺមានន័យថា និស្សិតកម្ពុជាឈរនៅលំដាប់ទី១ ក្នុងតំបន់អាស៊ានដែលទទួលបានអាហាររូបករណ៍ ពីរដ្ឋាភិបាលចិន។

ចំណាប់អារម្មណ៍ប្រជាពលរដ្ឋសប្បាយចិត្ត ដែលខេត្តកំពង់ស្ពឺមានបណ្ណាល័យតាមរយៈការដាក់ឲ្យដំណើរការនៅថ្ងៃសៅរ៍ទី៣០ ខែកញ្ញានេះ៖ សម្រាប់ លោក ទូច សុខុម ជាពលរដ្ឋរស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាត់ទុកវត្តមានបណ្ណាល័យថ្មី នៅលើទឹកដីនៃខេត្តកំពង់ស្ពឺនេះ ជាចំណែកមួយសំខាន់ចូលរួមកាត់បន្ថយក្មេងដើរលេង ដោយពួកគេងាកមកអានសៀវភៅនៅបណ្ណាល័យថ្មីនេះ។

លោក ទូច សុខុម ក៏បានអំពាវនាវឲ្យ មានការយកចិត្តទុកដាក់នៅក្នុងការយកសៀវភៅ មកដាក់បន្ថែមដើម្បីសំបូរបែបងាយស្រួល ដល់អ្នកស្រាវជ្រាវនិងអ្នកអាន។ លោកបញ្ជាក់ថា «បណ្ណាល័យកើតបាន ហើយ សំភារៈនៅតែមានខ្វះខាត ដូច្នេះខ្ញុំសំណូមពរឲ្យមានឯកសារទាក់ទងពីមុនៗហ្នឹងយកមកដាក់បន្ថែមទៀត»

ការកសាងបណ្ណល័យកំពង់ស្ពឺដ៏ធំស្កឹមស្កៃនេះ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រខេត្តកំពង់ស្ពឺ រួមជាមួយនឹងការគាំទ្រឧបត្ថមពីសំណាក់ ស្ថានទូតចិនប្រចាំកម្ពុជា និងអ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ក៏ដូចជាអង្គការដៃគូ និងបណ្តាក្រុមហ៊ុន​ឯកជនមួយចំនួនទៀត។

ចំណែកយុវសិស្ស ហ្គូវ ម៉េងទី រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបជាមួយនឹងនិទ្ទេស «B» នោះសប្បាយចិត្តពេលឃើញវត្តមានបណ្ណាល័យ នៅខេត្តកំពង់ស្ពឺ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី។ យុវសិស្ស ម៉េងទី បានបន្ថែម «សប្បាយចិត្តពេលឃើញបណ្ណាល័យនេះព្រោះជាទីកន្លែងមួយដែលជួយបានច្រើនដល់ប្អូនៗ។ ហើយទើបតែដាក់ឲ្យដំណើរ ខ្ញុំចង់ឲ្យបង្កើនចំនួនសៀវភៅឲ្យបានច្រើន»

សូមបញ្ជាក់ថា ការសាងសង់ «បណ្ណាល័យកំពង់ស្ពឺ» នេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបានកសាងរួចរាល់នៅចុង ខែមេសា ឆ្នាំ២០១៧ ពោលគឺប្រើរយៈពេលប្រមាណ១៧ខែ។ បណ្ណាល័យនេះមានទំហំ ១៦ម៉ែត្រ X ៣០ម៉ែត្រ មានកម្ពស់២ជាន់៕