(ភ្នំពេញ)៖ បន្ទាប់ពីស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា បើកទ្វារអនុញ្ញាតឲ្យសាធារណជន បានចូលទស្សនាទិដ្ឋភាពផ្សេងៗ ដែលមាននៅក្នុងស្ថានទូតនោះ ដោយបូករួមទាំង​និវេសនដ្ឋាន របស់លោកស្រីឯកអគ្គរដ្ឋទូត ដោយអមជាមួយឧទ្យានដ៏ធំនោះ សាធារណជន​ដោយមានទាំងសិស្សានុសិស្ស មន្ដ្រីរាជការ ហាក់មានអារម្មណ៍ស្រស់ថ្លា និងសប្បាយរីករាយ ក្រោយបានចូលទស្សនា ក្នុងស្ថានទូតដ៏ធំមួយនេះ។

​ការបើកឲ្យសាធារណជនចូលទស្សនា ក្នុងស្ថានទូតបារាំងនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងក្របខ័ណ្ឌ នៃទិវាបេតិកភណ្ឌ ដែលទិវានេះត្រូវបានប្រារព្ធឡើងអស់រយៈពេលជាង៣០ឆ្នាំ មកហើយនៅប្រទេសបារាំង និងបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក ដើម្បីអនុញ្ញាតឲ្យសាធារណជន មានឱកាសចូលទស្សនាអគារ ឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណៈ ឬមានការរឹតត្បិតការចូលទស្សនា។

បន្ទាប់ពីឈានជើងចូលទៅក្នុងស្ថានទូតបារាំងភ្លាម នៅតាមអគារនីមួយៗ មានដាក់នូវស្លាកមួយនៅខាងមុខ ដោយស្លាកនោះ​បានរៀបរាប់យ៉ាងច្បាស់ ពីប្រវត្តិនៃការកកើតអគារទាំងនោះ ​ដែលនៅក្បែរនោះ​អមទៅដើមឈើធំៗ ធ្វើឲ្យបរិវេណនៃស្ថានទូតនេះ ហាក់មានសភាពត្រជាក់ល្ហឹម និងស្រស់ស្រាយ ជាមួយទិដ្ឋភាពបែបនេះ។

ផ្នែកខាងក្រោយ ឈាងខាងឆ្វេងនៃបរិវេណដីស្ថានទូត ដែលមានទំហំជាង៤ហិចតា គេនឹងឃើញនិវេសនដ្ឋានរបស់លោកស្រី អេវ៉ា ង្វៀងប៊ីញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងទីតាំងដែលទុកនូវវត្ថុបុរាណ ដោយនៅខាងមុខនោះ មានវាលស្មៅខៀវខ្ចី និងដើមឈើធំស្កិមស្កៃព័ន្ធជុំវិញ ដោយនៅក្បែរនោះទៀតសោត ក៏មាននៅដើមផ្កាចម្រុះជាច្រើនផងដែរ។

ជាមួយនឹងអាកាសធាតុដ៏ត្រជាក់ល្ហឹម ដែលផ្ដល់ដោយដើមឈើនៅក្បែរនោះ ធ្វើឲ្យអ្នកទស្សនាអាចមានឱកាស ដើម្បីបានផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាត ទុកជាអនុស្សាវរីយ៍ ជាមួយដើមផ្កានៅក្បែរនោះ បើទោះបីអ្នក​ទស្សនាទាំងអស់​ ដោយខ្លះស្គាល់ឈ្មោះ និងមិនស្គាល់ឈ្មោះផ្កានោះក៏ដោយ។

​​លោកស្រី អេវ៉ា​ ង្វៀងប៊ីញ ឯកអគ្គរដ្ឋទូត បានលើកឡើងថា «ការបើកទ្វារស្ថានទូតឲ្យសាធារណៈចូលទស្សនាបានដោយសេរី ធ្វើឡើងក្នុងឱកាសទិវាបេតិកភណ្ឌ ហើយគោលបំណង គឺចង់អនុញ្ញាតឲ្យប្រជាជនកម្ពុជា អាចចូលមកទស្សនាអគារ ដែលមានជាលក្ខណៈបេតិកភណ្ឌ ផ្នែកស្ថាបត្យកម្ម ដោយសេរី»

លោកស្រី បញ្ជាក់​រយៈអ្នកបកប្រែថា មួយវិញទៀតស្ថានទូតចង់ឲ្យប្រជាពលរដ្ឋកម្ពុជា បានឃើញអគារដែលមានលក្ខណៈបេតិកភណ្ឌ និងឧទ្យានរបស់ស្ថានទូត ហើយក្រៅពីនោះក៏សង្កត់ធ្ងន់ទៅលើ របៀបរបបនៃការរស់នៅបែបបារាំង និងការហូបចុករបស់មន្ដ្រីទូតផងដែរ។ ទន្ទឹមនឹងស្ថានទូតបារាំង បើកទ្វារឲ្យសាធារណជនចូលទស្សនានេះ ស្ថានទូតក៏បានស្នើឲ្យដៃសហការនានា បើកទ្វារអគាររបស់ខ្លួន ដើម្បីឲ្យសាធារណជនបានចូលទស្សនាដូចគ្នាដែរ​។

ជាមួយគ្នានោះ យុវសិស្សម្នាក់ ដែលមានទីលំនៅក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា ការចូលទស្សនាក្នុងបរិវេណស្ថានទូតបារាំងនេះ ​ជាលើកទី១ ហើយពេលបានចូលទស្សនា នាងពិតជាមានអារម្មណ៍សប្បាយរីករាយ និងស្រស់ស្រាយ ជាមួយនឹងទិដ្ឋភាពដែលមិនធ្លាប់បានឃើញ ពីមុនមកទាល់តែសោះ។ ទន្ទឹមនឹងទេសភាពបែបនេះ យុវសិស្សរូបនេះ ចង់ឲ្យស្ថានទូតបើកឱកាសបែបនេះ ឲ្យបានច្រើនដើម្បីអនុញ្ញាតឲ្យសាធារណជន បានចូលទស្សនាព្រោះបច្ចុប្បន្ននេះ ស្ថានទូតអនុញ្ញាតឲ្យតែម្ដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។

ស្រដៀងគ្នានេះ យុវតីម្នាក់ទៀតបានថ្លែង «ពេលចូលមកខ្ញុំគិតថាសួននេះធំ មិនដែលឃើញពីមុនមក ដូចនៅធម្មជាតិពិតៗ...នៅក្នុងនោះមានដើមឈើធំៗ និងមានរបងបន្សល់ទុកតាំងពីជំនាន់ ប៉ុល ពត ដែលខ្លះអាចមុនហ្នឹងទៀត ហើយខ្ញុំចង់ទៅទស្សនានៅស្ថានទូតដទៃផ្សេងទៀត ប្រសិនបើគេបើកឱកាស»

មិនខុសគ្នាប៉ុន្មាន ស្ដ្រីម្នាក់ដែលជាគ្រូបង្រៀននៅសាលាវិចិត្រសិល្បៈ បានលើកឡើងថា ពេលចូលមកដំបូងលោកស្រី ចាប់អារម្មណ៍ទៅលើអគារ ដែលអគារទាំងនោះជាបេតិកភណ្ឌរបស់បារាំង និងការរៀបចំសួននៅក្រោយ ហើយការរៀបចំនៅក្នុងបរិវេណស្ថានទូតនេះល្អ ដូច្នេះវាបន្សីគ្នាជាមួយនឹងតម្លៃ ហើយក៏អាចលើកនូវតម្លៃនៃបេតិកភណ្ឌផងដែរ។

អ្នកគ្រូបញ្ជាក់ថា មកទល់ពេលនេះមិនដែលមានស្ថានទូតណាមួយ បើកទ្វារឲ្យចូលទស្សនា​ដូចស្ថានទូតបារាំងទេ ដូច្នេះហើយអ្នកគ្រូចង់ឲ្យមានស្ថានទូតផ្សេង នៅក្នុងរាជធានីភ្នំពេញ អនុញ្ញាតឲ្យសាធារណៈចូលទស្សនាដែរ ព្រោះថាដីរបស់ស្ថានទូតនីមួយៗប្រៀបដូចជាដីរបស់ប្រទេសនោះដែរ ហើយប្រសិនបើអនុញ្ញាតឲ្យចូលទស្សនា គឺអាចមានឱកាសឲ្យសាធារណៈជនស្វែងយល់ពីវប្បធម៌នានារបស់ប្រទេសនោះទេ។

សូមបញ្ជាក់ថា ស្ថានទូតបារាំងប្រចាំកម្ពុជា ត្រូវបានជួសជុលឡើងវិញទាំងស្រុងនៅចន្លោះពីឆ្នាំ១៩៩៣ ដល់១៩៩៥ ដោយក្រុមហ៊ុនបារាំងមួយ ដែលបានកែលម្អតួអគារចាស់ៗសង់ក្នុងអំឡុងឆ្នាំ១៩៥០ ទៅជាបណ្តុំអគារថ្មីមួយមានលក្ខណ:ស្អាតសមសួនជាមួយទេសភាពគួរឲ្យចង់គយគន់។ក្រៅពីអគារ និងទីតាំងនៅក្នុងស្ថានទូតបារាំងទៅ ការរៀបចំទិវាបេតិកភណ្ឌនៅឆ្នាំនេះ ក៏នឹងមានការរៀបចំឲ្យចូលទស្សនាសាលារាជធានីភ្នំពេញ និវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស និវេសនដ្ឋានឯកអគ្គរដ្ឋទូតអូស្ត្រាលី ការិយាល័យអង្គការយូណេស្កូ អគារទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងភោជនីយដ្ឋាន VAN’S ព្រមទាំងសាលាបារាំងដេកាត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ អភិរក្សអង្គរនៅសៀមរាប និងសណ្ឋាគារឡឺរ៉ូយ៉ាល់នៅភ្នំពេញ និងសៀមរាប៕​