(បាត់ដំបង)៖ អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ បានបន្តចុះដោះស្រាយសំណូមពរប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តពោធិ៍ ហៅវត្តកាច់រទេះ ស្ថិតក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ហើយជាលទ្ធផលប្រជាពលរដ្ឋទាំងនេះ មានការសប្បាយចិត្ត បន្ទាប់ពីបានដោះស្រាយតាមសំណូមពរហើយ។

អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ លោក ឡោក ហួរ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ចំនួន៣៥០នាក់ ដោយបានបញ្ជាក់ថា ក្នុងនាមតំណាងរាស្រ្ត ត្រូវតែបម្រើរាស្រ្តតាមរយៈជួយដោះស្រាយកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង។

អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា «រយៈពេលកន្លងមកក្រុមការងារ យើងតែងតែចុះមូលដ្ឋានស្វែងយល់នូវជីវភាពរស់នៅ ការខ្វេះខាត និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន តាមរយៈកសាង ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន វត្តអារាម ជាដើម ដែលជាសមិទ្ធិផលសម្រាប់ប្រគល់ជូន ប្រជាពលរដ្ឋយើងប្រើប្រាស់។ បន្ទាប់ពីក្រុមការងារយើង បានកសាងសមិទ្ធិផលទាំងអស់នេះ ជាបន្តបន្ទាប់រហូតមក ទើបបងប្អូនមានទឹកធ្វើស្រែគ្រប់គ្រាន់បានដល់ទៅ២ដងក្នុង១ឆ្នាំ មិនតែប៉ុណ្ណោះក្រុមការងារបានជួយរកទីផ្សារលក់ស្រូវ ដល់កសិករធ្វើឲ្យកសិករយើង មានជីវភាពធូធារផងដែរ»។

លោកថ្លែងទៀតថា ប្រជាពលរដ្ឋមានជីវភាពធូរធានេះបាន ក៏អាស្រ័យប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់តាមរយៈក្រុមការងារ គ្រប់លំដាប់ថ្នាក់ចុះជួយមូលដ្ឋានជាប្រចាំផង ហើយបានសន្យាជួយដី១០០ឡាន សម្រាប់ចាក់ធ្វើផ្លូវក្នុងភូមិនារដូវប្រាំងខាងមុខនេះ ខណៈឆ្នាំបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ជិតមកដល់ និងជួយដី១៥០ទៅ២០០ឡានបន្ថែមទៀត នៅពេលបោះឆ្នោត២០១៨រួច។

ក្នុងឱកាសសំណេះសំណាលនោះដែរ អ្នកតំណាលរាស្រ្ត ក៏ជួយឧត្ថមដល់លោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នដល់សិស្សត្រៀម ប្រឡងសញ្ញាបត្រទុយភូមិចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបាន១០០ដុល្លារ និងអ្នកចូលរួមទាំង៣៥០នាក់ បានវត្ថុកម្តរដៃម្នាក់ទទួលបានសារ៉ុង១ផងដែ។

ប្រជាពលរដ្ឋទាំងអស់បាននាំគ្នាប្តេជ្ញាចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០១៨ខាងមុខនេះ ដើម្បីទទួលបានជ័យជម្នះបន្តអភិវឌ្ឍន៍ ភូមិឃុំយើងបន្តទៀត និងឈប់ជឿឃោសនាបក្សប្រឆាំងសន្យាខ្យល់៥០ម៉ឺនដុល្លារ កសាងឃុំ តែជាក់ស្តែង គឺជាការកុហក់បោកប្រាស់ដើម្បីបានតែអំណាចប៉ុណ្ណោះ។

បន្ទាប់មកអ្នកតំណាងរាស្រ្តបានដឹកនាំក្រុមការងារចុះពិនិត្យមើលផ្លូវក្រាលគ្រួសក្រហម១ខ្សែនៅក្នុងឃុំរាំកេសី បាននិងកំពុងធ្វើជិតហើយ១០០% ហើយ៕