(ភ្នំពេញ)៖ ជនជាតិវៀតណាម១២នាក់ និងខ្មែរម្នាក់​ ដែលពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ចំនួន​១៥,៤០០ដុល្លារ នៅខេត្តប៉ៃលិននោះ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងខ្លះបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះ។

លោកវរសេនីយ៍ ជាវ វិបុល បានបញ្ជាក់ថា ក្រោយពីធ្វើការសួរនាំលើជនសង្ស័យទាំង១៣នាក់ខាងលើ ឃើញថាការពាក់ព័ន្ធបង្ខាំងមនុស្សខុសច្បាប់ និងគំរាមទារប្រាក់មានចំនួន៦នាក់ ដោយឡែកមនុស្សចំនួន​៧នាក់ ផ្សេងទៀតពិនិត្យឃើញថា ពុំមានការពាក់ព័ន្ធ ហើយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យទាំង៦នាក់ ទៅនាយកដ្ឋានអន្ដោប្រវេសន៍។

សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិត ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្នងការបន្ថែមថា​ ករណីខាងលើនេះ​នៅថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក។ មុនពេលកើតហេតុ ជនរងគ្រោះជនជាតិវៀតណាម​ ឈ្មោះ​​ វីង យាំងតឹង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅខេត្តដុងថាប ប្រទេសវៀតណាម បានមកលេងជល់មាន់ និងលេងបៀរ នៅក្នុងកាស៊ីណូចក្រី ស្ថិតក្នុងស្រុកព្រះស្តេចខេត្តព្រៃវែង លុះដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ មានក្រុមចាប់ជម្រិត១ក្រុម មានគ្នា៤នាក់ បានបបួលជនរងគ្រោះទៅលេង កាស៊ីណូនៅបាវិត រួចជនរងគ្រោះក៏បានឡើងឡានទៅជាមួយ ហើយពេលមកដល់ចំណុចវិទ្យាល័យតាគោក ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ស្រាប់តែមានរថយន្តតាក់ស៊ី មួយផ្សេងទៀត មកទទួល ក្នុងនោះមានមនុស្សចំនួន៧នាក់ ស្រី២នាក់ បាននាំជនរងគ្រោះមកខេត្តប៉ៃលិនតែម្តង បន្ទាប់មកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

លោកស្នងការ​បន្តថា​ ជនសង្ស័យក៏បានទូរស័ព្ទទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីជម្រិតទារប្រាក់ចំនួន១៥៤០០ដុល្លារ ហើយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមគ្រួសារជនរងគ្រោះ ក៏បានផ្ញើលុយ​ឱ្យជនសង្ស័យតាមវីង ចំនួន៥០០០ដុល្លារ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១០៖៤៤នាទីព្រឹក ជនសង្ស័យក៏បានមកដកប្រាក់នៅវីងយីហោ អេង ស៊ាន ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅនឹងកន្លែង៤នាក់ និងបក្សពួកនៅផ្ទះជួលចំនួន៩នាក់ទៀត ក្នុងនោះមានជនជាតិខ្មែរម្នាក់ ជាអ្នកបើកតាក់ស៊ី។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទាំងអស់​ឈ្មោះដូចខាងក្រោម​ ទី១ ឈ្មោះ ស៊ាង ភេទប្រុស អាយុ ៤២ឆ្នាំជាជនជាតិវៀតណាម, ទី២ ឈ្មោះ ផាម ភុងយ៉ុង ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិ វៀតណាម,ទី៣ ឈ្មោះ យ៉រ ហុងវឹង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម,ទី៤ ឈ្មោះ ដាំង យ៉ាងទ្រីង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ វៀតណាម,ទី៥ ឈ្មោះ វែង វាំងត៊ឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ វៀតណាម,ទី៦ ឈ្មោះ កាវ ជីលីន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម,ទី៧ ឈ្មោះ គឹម ឡាង ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម,ទី៨ ឈ្មោះ តាំង ដឹកហ្វូង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម,ទី៩ ឈ្មោះ តាំង ជីញី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម,ទី១០ ឈ្មោះ វិង ថាំងមិន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម,ទី១១ឈ្មោះ វីង ធិ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម,ទី១២ ឈ្មោះចាំង អាងអែម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម៕