(ភ្នំពេញ)៖ ថ្លែងក្នុង​ពិធីសំណេះសំណាលជាមួយគណៈអ៊ីម៉ាំខេត្ត ក្រុង និងនាយកអប់រំគ្រូខ្មែរឥស្លាម គ្រប់លំដាប់ទូទាំងប្រទេស​ចំនួន៣១៤​នាក់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើនូវការពង្រឹងស្តង់ដាអប់រំឥស្លាមឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងអប់​រំ យុវជន និងកីឡា ដែលកំពុងដាក់ចេញយុទ្ធសាស្រ្តកែទម្រង់កម្មវិធីសិក្សាគ្រប់កម្រិត និង​ការគ្រប់គ្រងមន្រ្តីរាជការ បុគ្គលិកអប់រំ​ជាដើម។

លោក អូស្មាន់ ហាស្សាន់ នៅក្នុងពិធីនារសៀលថ្ងៃទី៣០ ខែកញ្ញានេះ​បានបន្តថា​ ជាការពិតណាស់​រាជរដ្ឋាភិបាល ក៏ដូចជាសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ចង់ឃើញសហគមន៍ខ្មែរឥស្លាម មានការរីកចម្រើនកាន់តែខ្លាំងឡើង ជាពិសេស​សម្ដេចចង់ឲ្យស្តង់ដាអប់រំឥស្លាម មានកំណែទម្រង់កាន់តែប្រសើរថែមទៀត បន្ទាប់ពីគ្រូខ្មែរឥស្លាមប្រមាណ១,៥០០នាក់ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលកន្លងទៅជិត២ឆ្នាំនេះ សង្ឃឹមថា​នឹងមិនមានការបង្អាកម៉ោងបង្រៀន ដូចកាលមិនទាន់មានប្រាក់បៀវត្ស ដោយត្រូវត្រូវស្វែករកជីវភាពក្រៅពីការបង្រៀននោះទេ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្បទានគ្រប់បែបយ៉ាង ដល់ការចូលរួមកសាងសហគមន៍ខ្មែរឥស្លាម ជាពិសេសវិស័យអប់រំ ដូចជាប្រាក់បៀវត្សគ្រូ និងការសាងសង់អាគារសិក្សា ជូនស្ទើគ្រប់ទីកន្លែងផងដែរ។

ដើម្បីពង្រឹងវិន័យដល់មន្រ្តីអប់រំនេះ ក៏មានថ្នាក់ដឹកនាំសំខាន់ៗ ដែលទទួលបន្ទុកដឹកនាំកម្មវិធីអប់រំឥស្លាម រួមមាន លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដែលជាសមាភាពវាគ្មិន បានឡើងផ្តល់បទបង្ហាញ ស្តីអំពីក្របខណ្ឌច្បាប់គ្រប់គ្រង មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ជាពិសេសការដាក់ចេញយុទ្ធសាស្រ្តនានា ដើម្បីអនុវត្តកំណែទម្រង់ស្តង់ដារអប់រំឲ្យកាន់តែមានប្រសិទ្ធភាព៕