(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បាន​ផ្តាំផ្ញើ​ឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋា​ត្រូវធ្វើអំពើល្អជានិច្ច​ជាមួយប្រជាពលរដ្ឋ ជៀសវាងធ្វើឲ្យមានការថ្នាំថ្នាក់ណាមួយកើតឡើង។

ថ្លែងផ្ដាំផ្ញើបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត សរុប១,១០០នាក់​ទូទាំងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបកសប្រជាជនកម្ពុជា ខេត្តព្រះវិហារ។

​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ប្រជាពលរដ្ឋលោកយល់ច្បាស់ណាស់ថាអ្នកណាមានគុណលើគាត់ និងអ្នកណាគ្មានគុណលើគាត់ ហើយកាលពីរបប ប៉ុល ពត ប្រជាពលរដ្ឋរស់នៅមហាវេទនារកទីបំផុតគ្មាន​ទាំងយើងទាំងគេបន់ស្រន់អស់ហើយ អ្នកណាក៏បានឲ្យតែមកជួយសង្គ្រោះយើង នៅពេលនោះទោះគេឲ្យយើងធ្វើអ្វីក៏ព្រមដែរ។

សម្តេចតេជោ ហ៊ុន សែន កាលនោះលោកធ្លាប់មានប្រសាសន៍ហើយ សម្ដេចដើរកាត់គ្រាប់មីន ដែលគេបង្កប់ក្នុងដីស្វែងរកជំនួយមកជួយរំដោះប្រទេស និងប្រជាពលរដ្ឋខ្មែរ បើ​ស្លាប់ គឺស្លាប់តែ៤-៥នាក់ទេ តែបើរស់គឺរស់មួយប្រទេស ដែលមហាពលិកម្មរបស់សម្តេច​ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនអាចបំភ្លេច មិនត្រឹមតែប៉ុណ្ណោះបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព​ មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យមកដល់សព្វថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានថ្លែងនូវការកោតសរសើរដល់លោកថ្នាក់ដឹកនាំគណបក្សខេត្ត ក៏ដូចជាក្រុមការងារពង្រឹងទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យគណបក្សប្រជាជនកម្ពុជានៅខេត្តព្រះវិហារ ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ កន្លងទៅថ្មីៗនេះ ហើយត្រូវរួមគ្នាប្តេជ្ញារកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិក្រោយៗទៀត៕