(ភ្នំពេញ)៖ សមត្ថកិច្ចនគបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបន្ដបញ្ជូន បុរសម្នាក់ដែលបានដាក់ឈ្មោះខ្លួនឯងជា «គ្រូអគ្គីនេត្រ» ដែលល្បីតាម Facebook ខាងអាគមអូមអាម ទៅតុលាការម្តងទៀត នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន ជិត១គីឡូក្រាម។

នៅខណៈពេលនេះ ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅហោរ៉ា អាគ្គីនេត្រ ខាងលើនេះ កំពុងស្ថិតក្រោមការសួរនាំ របស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា គ្រូអគ្គីនេត្រ ដែលល្បីតាម Facebook ខាងអាគមអូមអាមរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ «ក៦» នៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្ដថា ការចុះប្រតិបត្ដិការឃាត់ខ្លួន គ្រូអគ្គីនេត្រខាងលើ ដោយមានការដឹកនាំកម្លាំងពីលោក ដាំ ឈឿន នាយករងមន្ទីរ ដែលមានការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕