(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជាសាខាចតុមុខ ដែលទទួលបានការគាំទ្រពីក្រសួងបរិស្ថាន និងសាលាក្រុងភ្នំពេញ ដោយមានការសហការជាមួយ អង្គការអភិរក្សសត្វព្រៃ (WCS) បានធ្វើយុទ្ធនាការ​មានឈ្មោះថា «Let Plant 2017» ​មានការបែងចែកជា២ដំណាក់កាល លើកទី១ ធ្វើយុទ្ធនាការដាំដើមឈើ​ ជាង២ពាន់ដើម នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងដាំបន្ថែម​ជាង៥ម៉ឺនដើម នៅខេត្តមណ្ឌលគីរី​ នាខែក្រោយ​នេះ។

យុទ្ធនាការ​ ប្រចាំឆ្នាំរបស់សភាយុវពាណិជ្ជក​រអន្តរជាតិកម្ពុជា សាខាចតុមុខ បានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃព្រៃឈើ និងដើមឈើ ក្នុងបុព្វហេតុ ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅ នៅលើភពផែនដី។ យុទ្ធនាការនេះ ក៏នឹងផ្តល់ឱកាសសម្រាប់ឲ្យប្រជាពលរដ្ឋ និងយុវជន ព្រមទាំងក្រុមហ៊ុន ចូលរួមចំណែក​បំពេញកាតព្វកិច្ច និងកិច្ចការងារអភិវឌ្ឍជ្រុងមួយ នៃសង្គមទាំងមូល ក្នុងន័យអភិវឌ្ឍ​ប្រកបដោយចីរភាព។

ថ្លែងនៅក្នុងពិធីដាំកូនឈើ នៅថ្ងៃដដែលនោះ លោក ហេង ហួន ប្រធានសាខាចតុមុខ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា​ បានលើកឡើងថា នេះជាឆ្នាំទី៤ ដែល JCI កម្ពុជាសាខាចតុមុខ បានរៀបចំយុទ្ធនាការ «តោះយើងនាំគ្នាដាំដើមឈើ» នៅប្រទេសកម្ពុជា ហើយនេះ មិនមែនជាយុទ្ធនាការ ធ្វើមួយលើកចប់នោះទេ។ ​ពីមួយឆ្នាំ ទៅមួយឆ្នាំ ទំហំនៃការដាំកូនឈើ របស់យើងតែងតែត្រូវបានពង្រីក ហើយក្នុងឆ្នាំនេះ ក៏មានការពង្រីកការដាំកូនឈើ​ រហូតដល់៥ម៉ឺនដើម ដែលមានពាក្យស្លោក «មនុស្សគ្រប់គ្នាសំខាន់ ដើមឈើគ្រប់ដើមក៏សំខាន់ សុទ្ធតែសំខាន់ដូចគ្នា» ដែលពាក្យស្លោកនេះ ត្រូវបានផ្តួចផ្តើមដោយប្រធានគម្រោង លោក លី ឧត្តម។

ជាមួយគ្នានោះ លោក អ៊ុក ណាវ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន តំណាង​លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឲ្យដឹងថា យុទ្ធនាការនេះ ក្រសួងបានចូលរួមគាំទ្រ ជារៀងរាល់ឆ្នាំ។ ​យុទ្ធនាការនេះ បានបង្ហាញពីភាពជោគជ័យ​របស់គម្រោង​ក៏ដូចជា ក្រសួងបរិស្ថាន​ក្នុងកិច្ចការងារ ដើម្បីព្រៃឈើ និងបរិស្ថានរបស់យើង។ លោក អ៊ុក ណាវ៉ាន់ បន្ថែមថា នៅឆ្នាំនេះ នឹងបន្តទៅមុខទៀត ក្រសួងនិងអគ្គនាយកដ្ឋាន នៅតែបន្តជួយជ្រោមជ្រែង គាំទ្រយុទ្ធនាការនេះ​ឲ្យអស់ពីលទ្ធភាព ដោយសហការជាមួយ JCI កម្ពុជា សាខាចតុមុខ ដើម្បីធ្វើយ៉ាងណាធានា ដល់ការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។

លោក ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានីភ្នំពេញ បានឲ្យដឹងដែរថា កិច្ចការថែរក្សាព្រៃឈើ​ និងធ្វើឲ្យមាននិរន្តរភាព បរិស្ថាន មិនមែនជាកាតព្វកិច្ចផ្តាច់មុខ របស់អាជ្ញាធរ ក្រសួង ឬអង្គការណាមួយឡើយ តែជាកាតព្វកិច្ចរបស់ពលរដ្ឋ គ្រប់ៗគ្នា ដែលត្រូវចូលរួមថែរក្សាការពារ ដាំដុះ ថែរក្សាទាំងអស់គ្នា។

លោក ស៊ុយ សេរិទ្ធ បន្តថា ក្នុងនាមអាជ្ញាធររដ្ឋ​បាលរាជធានីភ្នំពេញ លោកពិតជាគាំទ្រ នូវសកម្មភាព ដែលមានការ​បំផុសឲ្យ មានការដាំកូនឈើ មិនថា​នៅសាលារៀន ឬនៅតំបន់ព្រៃអភរិក្សឡើយ វាមិនត្រឹមតែជាការដាំដើមឈើ ធ្វើ​ជាម្លប់ប៉ុណ្ណោះទេ តែវាជាការដាស់ស្មារតីឲ្យប្អូនៗ សិស្សានុសិស្សចាប់ផ្តើមស្រឡាញ់បរិស្ថាន និងដើមឈើ។

គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ពោលគឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅឧត្តរមានជ័យ បានរៀបចំយុទ្ធនាការ «Let Plant 2016» ដោយជោគជ័យ បន្ទាប់មកបានដាំដើមឈើ ប្រមាណ១,១​០០ដើម និងមានអ្នកចុលរួមប្រមាណ៥០០នាក់។ កូនឈើទាំងនោះ ត្រូវបានព្រះតេជគុណ អនុគុណខេត្តឧត្តរមានជ័យ និងអ្នកផ្តួចផ្តើមបង្កើត ព្រៃអភិរក្សសង្ឃរុក្ខវ័ន្ត ព្រះគុណ ប៊ុន សាឡូត មើលថែទាំ និងដាំដុះ​បានយ៉ាងល្អ។

ចំណែកនៅឆ្នាំនេះ យុទ្ធនាការរបស់​JCI បានផ្តោតលើប្រធានបទ «Everyone Matters Evey Trees Matters» មានន័យថា «មនុស្សគ្រប់គ្នាសំខាន់ ដើមឈើគ្រប់ដើមក៏សំខាន់ សុទ្ធតែសំខាន់ដូចគ្នា»។ យុទ្ធនាការនេះ ធ្វើឡើង​ជា២ដំណាក់កាល ដែលដំណាក់កាលទី១ ធ្វើនៅរាជធានីភ្នំពេញ​ ដោយមានការដំាំកូនឈើ​២ពាន់ដើម នៅសាលា និងវត្តអារាម និងដំណាក់កាលទី២ នឹងធ្វើនៅមូលដ្ឋាន​ក្នុងតំបន់កែវសីមា ក្នុងខេត្តមណ្ឌលគិរី ដោយដាំដើមឈើ៥ម៉ឺនដើម នៅក្នុងសហគមន៍ មូលដ្ឋាន៕