(ភ្នំពេញ)៖ ជាការចូលរួមសម្អាតទីធ្លារមួយផ្នែកក្នុងរាជធានីភ្នំពេញ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងប្រជាជនឥណ្ឌាដែលរស់នៅកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានសហការគ្នាបោសសម្អាតទីធ្លារសាធារណៈជុំវិញរូបសំណាក់របស់លោក មហាត្មៈគន្ធី នៅជាប់សួនច្បារស្ពាននាគ ដើម្បីត្រៀមរៀបចំខួបកំណើតរបស់លោក មហាត្មៈគន្ធី លើកទី១៤៨ នៅទី០២ ខែតុលា ដើមសប្ដាហ៍ក្រោយ។

លោក រ៉ាជិត កូម៉ា ភារធារីនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំពីប្រវត្តិនៃយុទ្ធនាការបោសសម្អាតនេះថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ យុទ្ធនាការឥណ្ឌាស្អាត (Swachh Bharat) ត្រូវបានបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា មូឌី ក្នុងប្រទេសឥណ្ឌា។ ចលនាដ៏ធំមួយនេះធ្វើឡើងដើម្បីសម្អាតប្រទេសឥណ្ឌា។ ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយ ប្រទេសឥណ្ឌាបានឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន ស្ដីពីការពិភាក្សាភាពស្អាតក្នុងប្រទេស។

លោក រ៉ាជិត កូម៉ា បានបន្តថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ឆ្នាំនេះ ប្រធានាធិបតីឥណ្ឌាបានបង្កើតយុទ្ធនាការអនាម័យទូទាំងប្រទេសមួយ ហៅថា «Swachhta Hi Seva»។ យុទ្ធនាការនេះធ្វើឡើងដើម្បីលើកទឹកចិត្តពលរដ្ឋបន្ថែមទៀត ឲ្យចូលរួមដោយផ្ទាល់ជាមួយស្ថាប័នឥណ្ឌា ក្នុងការរក្សាអនាម័យ (ឥណ្ឌាស្អាត) ដោយធ្វើការបោសសម្អាតស្ម័គ្រចិត្តរយៈពេល២សប្ដាហ៍ រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ដែលជាខួបកំណើតរបស់លោក មហាត្មៈគន្ធី លើកទី១៤៨។

លោកថា ដើម្បីផ្សព្វផ្សាយសារវិជ្ជមានជូនប្រជាពលរដ្ឋក្នុងសហគមន៍ខ្មែរ ក៏ដូចជាបង្ហាញសាមគ្គីភាពជាប្រជាជនឥណ្ឌា ស្ថានទូតឥណ្ឌារួមជាមួយសហគមន៍ឥណ្ឌារស់នៅរាជធានីភ្នំពេញ បានរៀបចំការបោសសម្អាត នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅជុំវិញរូបសំណាក់របស់លោក មហាត្មៈគន្ធី ជាប់សួនច្បារស្ពាននាគ។ កន្លែងសាធារណៈមួយនេះ ត្រូវបានជ្រើសរើសសម្រាប់ការធ្វើអនាម័យ ដោយសារនៅជិតរូបសំណាក់របស់លោក មហាត្មៈគន្ធី។

ក្នុងឱកាសនោះ គេឃើញមានមន្ត្រី និងបុគ្គលិកនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងសហគមន៍ឥណ្ឌាក៏បានធ្វើសច្ចារក្សាអនាម័យ Swachhta (ភាពស្អាតស្អំ) នៅចំពោះមុខរូបសំណាក់របស់លោក មហាត្មៈគន្ធី និងធ្វើការងារស្ម័គ្រចិត្តនៅទីនោះ ដោយការបោសសម្អាតសំរាមជុំវិញ។

លោក មហាត្មៈគន្ធី បានលើកឡើងជាសុភាសិតមួយថា «នៅពេលយើងស្អាតទាំងក្នុង និងក្រៅ វាជាការសាងបុណ្យ»៕