(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រច្រើន ពីអតិថិជនក្នុងប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី២៩ ខែកញ្ញា មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ឬក្រុមហ៊ុន LDI Enterprise Ltd បានរៀបចំកម្មវិធីមួយ ឈ្មោះថា G-Shock BMX Event នៅផ្សារទំនើបអ៊ីអន ដែលក្នុងឱកាសនោះ ក៏មានការបង្ហាញនូវនាឡិកាថ្មីៗជាច្រើនម៉ាក បូកទាំងការលក់បញ្ចុះតម្លៃពិសេសទៀតផង ។

កម្មវិធីនេះ បានធ្វើឡើងក្រោមវត្តមានលោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និងលោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI រួមទាំងអតិថិជនគាំទ្រនាឡិកា CASIO និងផលិតផលរបស់មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុនដ៏ច្រើនផងដែរ ។

លោក គួច ណាវ បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងដើម្បីបង្ហាញនូវផលិតផលថ្មីៗ និងពេញនិយម ដែលទើបនាំចូលពីជប៉ុន ដូចជាម៉ាក G-SHOCK, BABY-G, EDIFICE, SHEEN, PROTREK និង CASIO ជាដើម ពិសេសគឺនាឡិកាម៉ាក G-SHOCK GA-710 ដែលទើបបង្ហាញវត្តមានលើទីផ្សារកម្ពុជា និងទទួលបានការគាំទ្រយ៉ាងច្រើនទៀតផង ។

មិនតែប៉ុណ្ណោះ ក៏មានការសម្ដែងរបស់ក្រុមកង់ BMX និងក្រុមចម្រៀង HIP HOP ព្រមទាំងការលក់បញ្ចុះតម្លៃយ៉ាងពិសេសទៀតង ។ ជាងនេះទៅទៀត ដើម្បីលើកទឹកចិត្តអ្នកចូលរួមផ្ទាល់ក្នុងឱកាសនោះ មជ្ឈមណ្ឌលនាឡិកាស្វីសក៏មានរៀបចំកម្មវិធីចាប់រង្វាន់នាឡិកា CASIO ចំនួន ៥រង្វាន់ផងដែរ ៕