(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកតា អ៊ុំ ម៉ាន្មូរីន សមាជិកព្រឹទ្ធសភា និងជាបងប្រុសរបស់សម្តេចម៉ែ មុនិនាថ សីហនុ ដែលកំពុងតម្កល់កម្កល់ ធ្វើបុណ្យតាមប្រ​ពៃ​ណី និង​សាស​នា នៅវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន និងបានចាត់ទុកថា មរណភាពរបស់ លោកតា អ៊ុ ម៉ាន្មូរីន គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់កុលបុត្រខ្មែរ១រូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

សូមបញ្ជាក់ថា លោក អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភាកម្ពុជា និងជាបងប្រុសសម្តេចម៉ែ មុនិនាថ សីហនុ បានទទួលមរណភាព ដោយជរាពាធ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩៣ឆ្នាំ។

សពលោក អ៊ុំ ម៉ាន្នូរីន កំពុងតម្កល់ធ្វើបុណ្យតាមប្រ​ពៃ​ណី និង​សាស​នា នៅវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ពិធីដង្ហែសព​នឹង​ប្រ​ព្រឹត្ត​ទៅ​​នៅថ្ងៃ​អាទិត្យទី០១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧៖៣០នាទីព្រឹក ឆ្ពោះទៅកាន់ឈាបនដ្ឋាន​ទី​លាន​​មុខ​វត្ត​បុទុមវត្តី។ នេះបើតាមការបញ្ជាក់របស់ព្រឹទ្ធសភា៕