(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្រ្តីក្រោមឱវាទ បានបង្ហាញការសោកស្តាយ និងក្តុកក្តួលរំជួលចិត្តជាខ្លាំង ចំពោះមរណភាពលោក អ៊ុ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈលិខិតចូលរួមរំលែកមរណទុក្ខលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ព្រមទាំងមន្រ្តីក្រោមឱវាទ បានចាត់ទុកមរណភាពរបស់លោក អ៊ុ ម៉ាន្នូរីន គឺជាការបាត់បង់នូវស្វាមី បិតា ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស បម្រើជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

ជាមួយការសម្តែងមរណទុក្ខដ៏ក្រៀមក្រំ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារហើយនោះ លោក ស៊ុន ចាន់ថុល និងមន្រ្តីក្រោមឱវាទ បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក អ៊ុ ម៉ាន្នូរីន បានទៅកាន់ស្ថានសុគតិភពផងដែរ។

សូមបញ្ជាក់ថា លោក អ៊ុ ម៉ាន្នូរីន បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៨៖៤៥នាទីព្រឹក ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។ សពរបស់លោក អ៊ុ ម៉ាន្នូរីន ដែលត្រូវជាបងប្រុសរបស់សម្តេចវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ ដែរនោះ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តបទុមវតី៕