(ឧត្តរមានជ័យ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិការមួយចំនួន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ត្រូវបានក្រុមហ៊ុន «សាម៉នខេមរអភិវឌ្ឍន៍»​ រួមជាមួយអាជ្ញាធរស្រុក-ឃុំ យកទៅចែកជូនដោយផ្ទាល់ដៃ ដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយចំនួន៦ភូមិ ក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ​

លោក ផល សាម៉ន តំណាងក្រុមហ៊ុន «សាម៉នខេមរអភិវឌ្ឍន៍» បានឲ្យដឹងថា ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា
ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក ផល សាម៉ន បានបញ្ជាក់ថា «ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុន បាននាំមកនូវអំណោយយកមកប្រគល់ជូនដល់ដៃ ប្រជាពលរដ្ឋដោយផ្ទាល់ រួមជាមួយអាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំលំទង»។

តំណាងក្រុមហ៊ុន បានលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរតែងតែគិតគូរ យកចិត្តទុក្ខដាក់ ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅចុងកាត់មាត់ញក។

លោក ផល សាម៉ន បានបន្តថា អំណោយទាំងនេះ ទោះបីតិចតួចក្តី តែវាបានកាត់បន្ថយការខ្វះខាត របស់បងប្អូនយើងបានមួយកំរិតផងដែរ ហើយក្រុមហ៊ុនសន្យាថា និងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនាំអំណោយយកទៅចែកជូន ដល់ប្រជាពលរដ្ឋក្រីក្រផ្សេងៗទៀត នៅក្នុងខេត្តឧត្តរមានជ័យជាបន្តទៀត៕