(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA បានចេញផែនការជំហានទី២ ដោយគ្រោងបញ្ជូនអ្នកដឹកនាំកម្ពុជាវ័យក្មេងកម្ពុជា១៤រូបទៀត ទៅចូលរួម «វគ្គបណ្តុះបណ្តាលប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍» នៅជប៉ុន នាខែក្រោយ។ គម្រោងបញ្ជូនអ្នកដឹកនាំកម្ពុជា វ័យក្មេងកម្ពុជា១៤រូបនាពេលនេះ បានធ្វើឡើង បន្ទាប់ពី JICA បាន បញ្ជូនក្រុមទី១ មានចំនួន១៤នាក់ ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ជាមួយគ្នានោះ JICA នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏បានរៀបចំសិក្ខាសាលាតម្រង់ទិសមុនពេលដំណើរ «កម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧» នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក ឡូ វាសនាគីរី ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃ ក្រសួងសុខាភិបាល, លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងសិក្ខាកាមទាំង១៤រូប មកពីតាមបណ្តាខេត្តផងដែរ។

ថ្លែងនៅក្នុងសិក្ខាសាលានោះ លោក ឡូ វាសនាគីរី បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជាការផ្តល់ចំណេះដឹង និងបទពិសោធន៍ ក្នុងការទទួលបានសេវាសុខភាព នៅមូលដ្ឋានសុខាភិបាល មណ្ឌលសសុខភាព និងមន្ទីរពេទ្យការផ្តល់សេវានៅ តាមសហគមន៍ ដែលប្រជាពលរដ្ឋពិបាក ក្នុងការធ្វើដំណើរមកទទួលសេវាសុខភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ បន្ថែមពីលើនោះ វគ្គបណ្តុះបណ្តាល ក៏នឹងផ្តល់ចំណេះដឹងដល់សិក្ខាកាមកម្ពុជា ស្តីពីប្រតិបត្តិការនៃការផ្តល់សេវាសុខភាព នៅតាមសហគមន៍ នៅក្នុងប្រទេសជប៉ុន និងការគ្រប់គ្រងសេវាដំណើរការជាដើម។

លោក ឡូ វាសនាគីរី បន្តថា វគ្គបណ្តុះបណ្តាលនេះ ជាការរួមចំណែកមួយ ក្នុងការអភិវឌ្ឍធនធានមនុស្សវ័យក្មេង វិស័យផ្សេងៗ និងវិស័យសុខាភិបាលនៅកម្ពុជា និងផ្តល់អត្ថប្រយោជន៍ដល់សិក្ខាកាម និងផ្តល់អត្ថប្រយោជន៍ដល់អង្គភាព និងសិក្ខាកាម កំពុងតែដំណើរការ និងដើម្បីលើកកម្ពស់ ប្រសិទ្ធភាពការងារជាពិសេសសម្រាប់មន្រ្តី និងបុគ្គលិករបស់ក្រសួងសុខាភិបាល និងឈានទៅរកការផ្តល់ការលើកកម្ពស់ឲ្យមានប្រសិទ្ធភាព ក្នុងការផ្តល់សេវា ជូនទៅដល់ប្រជាពលរដ្ឋ ក្រៅពីនោះ ក៏ផ្តល់ឲ្យសិក្ខាកាម ទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការផ្តល់សេវាកម្ម ជាពិសេសការស្វែងយល់ពីប្រតិបត្តិការគ្រប់គ្រង និងថែទាំសុខភាពពីប្រទេសជប៉ុន។

លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង គឺជាផ្នែកមួយ នៃកម្មវិធីជំនួយសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ដែលបានអនុវត្តតាំងពីឆ្នាំ១៩៨៤ ក្នុងគោលបំណងផ្តល់ឪកាសដល់មន្រ្តីរាជការវ័យក្មេង ដើម្បីពង្រឹងចំណេះដឹង និងជំនាញ ក្នុងវិស័យការងាររបស់ខ្លួន។ លោកបន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានចូលរួមចំណែកលើកកម្ពស់ ការសិក្សាស្វែងយល់ពីគ្នា ទៅវិញទៅមក និងរឹតចំណង់មិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកំពុងអភិវឌ្ឍ ក្នុងពិភាពលោក។

លោក Miura Junichi បញ្ជាក់ថា ទស្សនៈប្រតិបត្តិការសុខភាពសហគមន៍នៅប្រទេសជប៉ុន ប្រហែលជាអាចខុសពីអ្វីដែលកំពុងតែអនុវត្តនៅប្រទេសកម្ពុជា ហើយប្រព័ន្ធថែទាំសុខភាព នៅប្រទេសជប៉ុន ដែលចង់យកមកអនុវត្ត ប្រហែលជាមិនត្រូវនិងបរិបទ ក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ អ្នកទាំងអស់គ្នា មិនតម្រូវឲ្យចំលងប្រព័ន្ធថែទាំសុខភាពនៃប្រទេសជប៉ុនទាំងស្រុងនោះទេ ប៉ុន្តែអាចយកជាគំរូបាន ដើម្បីមកអនុវត្តនៅប្រទេសកម្ពុជា សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត ដូចនេះ សូមសិក្ខាកាម ប្រើប្រាស់ពេលវេលា និងឪកាសនេះ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យក្លាយជាអ្នកដឹកនាំគំរូ នាពេលអនាគត។

លោក ឡូ វាសនាគីរី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំង១៤នាក់ ឲ្យយកចិត្តទុកដាក់ ក្នុងការសិក្សារៀនសូត្រ និងស្វែងយល់ សិក្សាស្រាវជ្រាវបន្ថែមចំពោះប្រធានបទនីមួយៗ ក្នុងកម្មវិធីសិក្សា ចូលរួមយ៉ាងសកម្ម នៅក្នុងកម្មវិធីសិក្សា ដើម្បីសម្រេចបានសមិទ្ធភាព ដ៏ជោគជ័យ និងស្នើឲ្យគោរពឲ្យបានខ្ជាប់ខ្ជួន បទបញ្ជាផ្ទៃក្នុង របស់សាលានៅប្រទេសជប៉ុន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា​ បានចូលរួមវគ្គបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ១៩៩៥ ដែលរហូតមកដល់ពេលនេះ មានមន្រ្តីវ័យក្មេងកម្ពុជា ១០៣៩នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលលើវិស័យផ្សេងៗ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល របស់JICA ក្នុងប្រទេសជប៉ុន។ ចំណែកឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា ទទួលបានកូតាចំនួន៤២នាក់ (ចែកជា៣ក្រុម) សម្រាប់មន្រ្តីវ័យក្មេង ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលនេះ នៅប្រទេសជប៉ុន ក្នុងនោះ ក្រុមទី១ មានចំនួន១៤នាក់ បានទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅប្រទេសជប៉ុនរួមហើយ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ និងក្រុមទី២ ចំនួន១៤នាក់ ដែលនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលអំពីប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសជប៉ុន នាពេលខាងមុខនេះ។ ចំណែកវគ្គចុងក្រោយ គឺនឹងត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលអំពីរដ្ឋបាល មូលដ្ឋាននៅប្រទេសជប៉ុន៕