(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ​ប្រាប់ទៅស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់វិធានណែនាំដល់មន្ដ្រីនគរបាលក្រោមឱវាទ ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការចេញលិខិត ឬបណ្ណ និងការបញ្ជាក់ទទួលស្គាល់ផ្សេងៗទៀត ដែលពាក់ព័ន្ធដល់ការងារបង្ការ និងពន្លត់អគ្គិភ័យ។

នេះបើតាមសេចក្ដីជូនដំណឹង ស្ដីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាព ប្រសិទ្ធភាព លើឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យ និងការបញ្ជាក់ទទួលស្គាល់លើប្រព័ន្ធសុវត្ថិភាព បង្ការ ពន្លត់អគ្គិភ័យតាមគោលដៅ ដែលចេញដោយនាយឧត្តមសេនីយ៍ នេត សាវឿន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ការចេញសេចក្ដីជូនដំណឹងនេះ បន្ទាប់ពីលេចចេញនូវបាតុភាព អសកម្មមួយចំនួនដែលប្រព្រឹត្តដោយមន្ដ្រីនគរបាលអគ្គិភ័យមួយចំនួន នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងការចេញលិខិត ឬបណ្ណ ត្រួតពិនិត្យទទួលស្គាល់អំពីគុណភាព ប្រសិទ្ធភាពលើឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យការបញ្ជាក់ទទួលស្គាល់លើប្រព័ន្ធសុវត្ថិភាពបង្ការ ពន្លត់អគ្គិភ័យតាមគោលដៅ និងការបញ្ជាក់ផ្សេងៗទៀតពាក់ព័ន្ធការងារអគ្គិភ័យខុសគោលការណ៍។

នាយឧត្តមសេនីយ៍អគ្គស្នងការបន្ថែមថា ក្រៅពីនេះក៏មានការចែកចាយបណ្ណឲ្យអាជីវករយកទៅបិទលើឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យដោយមិនបានធ្វើការត្រួតពិនិត្យ និងពិសោធន៍ត្រឹមត្រូវតាមនិយាមបច្ចេកទេសផលិតផលគ្មានម៉ាកសញ្ញាប្រភពច្បាស់លាស់ ក្លែងក្លាយ ឬកែច្នៃខុសបច្ចេកទេសនៅពេលអតិថិជនទិញយក ទៅប្រើប្រាស់គ្មានប្រសិទ្ធភាព ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបាត់បង់ទំនុកចិត្តមកលើសមត្ថកិច្ចជំនាញ។

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា ក្នុងករណីរកឃើញថាមន្ដ្រីនគរបាលនៅតែប្រព្រឹត្តអំពើល្មើសនេះ នឹងត្រូវទទួលទោសតាមបទបញ្ជាលេខ ០០៦ប.ប.ជ វិន័យរបស់កងកម្លាំងនគរបាលជាតិ និងតាមច្បាប់ជាធរមាន៕​