(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ ដឹកនាំដោយលោកអនុសេនីយ៍ឯក កើត សម្បត្តិ ចុះបង្ក្រាបការដឹកជញ្ជូនឈើប្រណិត គ្មានច្បាប់អនុញ្ញាតប្រគល់ជូនជំនាញរដ្ឋបាល ព្រៃឈើសង្កាត់អូរគ្រៀង នៅវេលាម៉ោង៧៖៥០នាទី យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៧ភូមិអូរគ្រៀង​ ឃុំអូរគ្រៀង​ ស្រុកសំបូរ ខេត្តក្រចេះ។

លោក ​កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថថា រថយន្ដសាំងយ៉ុង១គ្រឿងនេះ ត្រូវអាវុធហត្ថចាប់ប្រគល់ឲ្យជជំនាញរដ្ឋបាលព្រៃឈើ ហើយរថយន្ដនោះផ្ទុក ឈើប្រភេទធ្នង់មានចំនួន១៦៩ដុំស្មើនិង២ម៉ែត្រគូប៤ផ្លាន។ បច្ចុប្បន្នឈើ និងរថយន្ដរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមច្បាប់់។

ដោយឡែក នៅរសៀលថ្ងៃដដែលនេះ កម្លាំងចំរុះបានធ្វើការឃាត់រថយន្ដសាំងយ៉ុង១គ្រឿងទៀត ដឹកសសរនៅចំណុចថ្មបាំង ឃុំគោលាប់​ ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ច​បានបញ្ជាក់ថា រថយន្ដសាំងយ៉ុង១គ្រឿងនេះ ត្រូវសមត្ថកិច្ចតាមបង្ក្រាបតាំងពីចំណុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ មកម្ល៉េះ ប៉ុន្តែមិនបានសម្រេចព្រោះម្ចាស់រថយន្ដរូបនោះ បានបើករថយន្ដបំបុកប៉ារ៉ាស់រត់ រួចហើយសមត្ថកិច្ចតាមតាំងពីស្រុកសំបូរ រហូតដល់ស្រុកចិត្របុរី បុករថយន្ដសមត្ថកិច្ច១គ្រឿងទៀត ទើបឃាត់រថយន្ដនោះបាន ហើយត្រូវបានជំនាញរដ្ឋបាលព្រៃឈើថ្មក្រែ យកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា។

ប្រជាពលរដ្ឋខេត្តក្រចេះ បានលើកឡើងថា សព្វថ្ងៃពួកគាត់មានការភយ៍ខ្លាចក្នុងការធ្វើចរាចរណ៍ តាមដងផ្លូវព្រោះរថយន្ដសាំងដឹកឈើ តែងបើកបរក្នុងល្បឿងយ៉ាងលឿន បង្កភាពភយ័ខ្លាចដល់ពួកគាត់ ធ្វើដំណើរតាមដងផ្លូវជាពិសេសពេលព្រឹកព្រលឹម និងពេលក្បាលព្រលប់៕