(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្ដី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បានថ្លែងបញ្ជាក់ថា ករណីគ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់​អាមេរិក ដែលបានរកឃើញនៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ទាំងស្ថានទូតអាមេរិក និងអង្គការសហប្រជាជាតិ ដែលជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ហាក់យឺតយ៉ាវក្នុងការឈឺឆ្អាល ក្នុងការទទួលខុសត្រូវ ទាំងខ្លួនជាប់​ពាក់ព័ន្ធផ្នែកច្បាប់ក្នុងករណីនេះក៏ដោយ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកទេសរដ្ឋមន្រ្ដី សេរី កុសល បានបញ្ជាក់ថា គ្រាប់បែកគីមីដែលបាន រកឃើញតាំងពីខែមករា ឆ្នាំ២០១៧មកនោះ ទាំងអាជ្ញាធរមីន ក្រសួងការពារជាតិ និងស៉ីម៉ាក់ សុទ្ធតែបានស្នើទៅកាន់អង្គការសហប្រជាជាតិ និងស្ថានទូតអាមេរិក ហើយពួកគេសុទ្ធតែបានដឹងពីបញ្ហានេះ ដើម្បីឲ្យជួយដោះស្រាយស្របតាមអនុសញ្ញាហាមប្រាមគ្រាប់បែកគីមី របស់អង្គការសហប្រជាជាតិ។

លោកបានបញ្ជាក់ថា «ចាត់តាំងពីបានរកឃើញគ្រាប់បែកគីមីមក ទាំងអង្គការសហប្រជាជាតិ និងស្ថានទូតអាមេរិកហាក់យឺតយ៉ាវ មិនយកចិត្តទុកដាក់ ចំពោះបញ្ហានេះឡើយ ទាំងយើងបានស្នើទៅកាន់ពួកគេ ហើយពួកគេសុទ្ធតែបានដឹងពីរឿងនេះរួចហើយក្ដី។ ដោយសារតែការភាពយឺតយ៉ាវនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាអត់ធ្មត់លែងបាន និងដោយសារបញ្ហាកង្វល់ និងភាពភ័យខ្លាច​ចំពោះគ្រាប់បែកគីមីនេះពីសំណាក់ប្រជាពលរដ្ឋ សិស្ស ព្រះសង្ឃ នៅទីនោះទាំងផ្លូវកាយ និងផ្លូវចិត្តផងនោះ ទើបសម្ដេចតេជោ ហ៊ុន សែន បានសម្រេចឲ្យប្រើប្រាស់ កញ្ចប់ថវិកាពិសេស ដើម្បីដោះស្រាយបញ្ហាគ្រាប់បែកគីមីនេះ»

ចំពោះសំណួរសួរថា តើការដោះស្រាយគ្រាប់បែកគីមីចំនួនពីរគ្រាប់នោះ ត្រូវប្រើប្រាស់ថវិកាប៉ុន្មាន? អនុប្រធានអាជ្ញាធរមីនរូបនេះ ​មិន​បានបញ្ជាក់ចំនួនជាក់លាក់ឡើយ ដោយលោក អះអាងថា ប្រើប្រាស់ថវិកាច្រើន ហើយថែមត្រូវការ ការចូលរួមពីអ្នកជំនាញ អង្គការសហប្រជាជាតិ ក្នុងការបន្សាបសារធាតុគីមី របស់គ្រាប់បែកទៀតផងដែរ។

លោកបញ្ជាក់ទៀតថា បញ្ហាគ្រាប់បែកគីមីនៅស្វាយរៀងនេះ គឺជាបញ្ហាស្មុគស្មាញទាមទារ ការប្រើប្រាស់ពេលវេលា និង​ជំនាញច្បាស់​លាស់ ដោយចូលរួមពីមន្រ្ដីជំនាញរបស់ស៊ីម៉ាក់ ដែលជាអ្នកដោះក្បាលគ្រាប់ ហើយអាជ្ញាធរគីមី របស់ក្រសួងការពារជាតិ ជាអ្នកសហ​ការ​វេចខ្ចប់គ្រាប់បែកនោះទុក ដោយមិនឲ្យមានការសាយភាយ សារធាតុគីមីចេញមកក្រៅ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្រ្ដីក៏បានចោទជាសំណួរ ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា ត្រឹមតែរកឃើញគ្រាប់បែកគីមីមិនទាន់ផ្ទុះពីរគ្រាប់ ​នៅខេត្តស្វាយរៀងនេះ បានបង្កការភ័យខ្លាច និងប៉ះពាល់ដល់ប្រជាពលរដ្ឋទៅហើយ ចុះក្នុងសម័យសង្គ្រាមគ្រាប់បែកគីមីដទៃទៀតដែលបានផ្ទុះ តើបានសម្លាប់ប្រជាពលរដ្ឋខ្មែរ និងប៉ះពាល់ដល់សុខភាព របស់ប្រជាជនប៉ុន្មាននាក់? តើពួកគាត់វេទនា ខ្លោចផ្សាប៉ុណ្ណា?

ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្ដី ក៏ស្នើឲ្យក្រសួងការពារជាតិអាមេរិក បង្ហាញភាពស្មោះត្រង់ ក្នុងការបញ្ជាក់ពីតួលេខជាក់លាក់ នៃចំនួនគ្រាប់បែកគីមីដែលនៅសល់ ដែលអាមេរិកទម្លាក់ស្រោច មកលើទឹកដីខ្មែរ ដើម្បីឲ្យអាជ្ញាធរកម្ពុជាងាយស្រួលដោះស្រាយ នូវបញ្ហាគ្រាប់បែកនេះ ព្រោះពេលនេះសង្គ្រាមបានចប់ទៅ ហើយហេតុអ្វីនៅលាក់បាំងទៀត។ ព្រោះថា ត្រឹមតែម្ហូបអាហារគីមីផង ប្រជាពលរដ្ឋកម្ពុជា ខ្លាចមិនហ៊ានហូបផង ចុះទម្រាំគ្រាប់បែកគីមីទៀតនោះ តើប្រជាជនខ្មែរមានការភ័យខ្លាចយ៉ាងណាទៅ?។

បើតាមលោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមី របស់អង្កការសហប្រជាជាតិ បានបង្កើតអង្គការមួយ ជាសេនាធិការក្នុងការតាមដាន និងអនុវត្ត ដែលមានឈ្មោះថា​ អង្គការសំរាប់ហាមឃាត់ការប្រើប្រាស់អាវុធគីមី​ (OPCW) ដែលមានស្នាក់ការនៅទីក្រុងហេគ​ ប្រទេសហូឡង់។

លោកបានឲ្យដឹងទៀតថា​ អនុសញ្ញាអន្តរជាតិ សី្តពីអាវុធគីមីនេះ បានចូលជាធរមាននៅថ្ងៃទី២៩ ខែ​មេសា​ ឆ្នាំ១៩៩៧​ ដែលមានរដ្ឋភាគីចំនួន១៩២​ ស្មើនឹង៩៨%នៃរដ្ឋទាំងអស់លើសកលលោក​ និងមានរដ្ឋចំនួន១៦៥ បានក្លាយជារដ្ឋហត្ថលេខី​។​ ក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជា​ និងសហរដ្ឋអាមេរិកផងដែរ​ ជារដ្ឋភាគីនិងជារដ្ឋហត្ថលេខី​ ដោយកម្ពុជាបានចុះហត្ថលេខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៣​ បានធ្វើការអនុមត័នៅថ្ងៃ១៩​ ខែកក្កដា​ ២០០៥​ និងចូលជាធរមាន​ ថ្ងៃទី​១៨​ ខែសីហា​ ឆ្នាំ២០០៥​ រីឯសហរដ្ឋអាមេរិកបានចុះហត្ថលេខា នៅថ្ងៃទី១៣ ​ខែមករា ឆ្នាំ១៩៩៣​ បានធ្វើការអនុមត័នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៧ និងបានចូលជាធរមាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧។​

លោកបន្តថា សហរដ្ឋអាមេរិក​ និងកម្ពុជា​ សុទ្ធតែជាសមាជិកនៃរដ្ឋអនុសញ្ញា​ ដែលមានភារកិច្ចសហប្រតិបតិ្តការជួយគ្នា​ ជាពិសេសគ្រាប់បែកគីមីប្រភេទ​ Chlorobenzalmalononitrile (CS) នេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលសង្គ្រាមចន្លោះឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៣ អាមេរិក បានទម្លាក់គ្រាប់បែកជិត ៣លានតោននៅលើទឹកដីកម្ពុជា។ គ្រាប់បែកទាំងនោះ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជាកន្លះលាននាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ ត្រូវបានស្លាប់ ដោយសារជំងឺ ហើយប្រជាពលរដ្ឋខ្មែររាប់ លាននាក់ទៀត ត្រូវនិរាស្រ្តព្រាត់ប្រាស់ពីផ្ទះសម្បែង។ ជាពិសេសគ្រាប់បែកគីមីរបស់អាមេរិក នៅតែបន្តធ្វើឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះដល់ពេលបច្ចុប្បន្ន ដែលក្នុងនោះកុមារខ្មែរមួយចំនួន ត្រូវជួបពិការភាពតាំងពីកំណើតព្រោះសារធាតុគីមីនេះ៕