(បាលី, ឥណ្ឌូនេស៊ី)៖ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងសហគមន៍អឺរ៉ុប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញនេះ បានបើកកិច្ចប្រជុំរួមគ្នាជជែកពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពីបណ្តាប្រទេសសមាជិកអាស៊ានទៅកាន់សហគមន៍អឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះរដ្ឋមន្រ្តីបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិធីសំដៅធ្វើឲ្យប្រសើរឡើងការតភ្ជាប់រវាងអាស៊ាន និងសហគមន៍អឺរ៉ុប។

បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន និងសហគមន៍អឺរ៉ុប បានពិភាក្សាផ្តោតសំខាន់លើការតភ្ជាប់ផ្លូវអាកាស, សុវត្ថិភាពផ្លូវអាកាស, ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាសដោយមិនបំពុលបរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់។

រដ្ឋមន្ដ្រីក៏បានស្តាប់របាយការណ៍បច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍន៍ចុងក្រោយ នៃគោលនយោបាយដឹកជញ្ជូនសហគមន៍អឺរ៉ុប, វឌ្ឍនភាពនៃសមាហរណកម្មតំបន់អាស៊ានក្នុងវិស័យដឹកជញ្ជូន និងវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាស​ គ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហគមន៍អឺរ៉ុប៕